website_news:2021150205

ពលករកម្ពុជាជាង១២ម៉ឺននាក់ ទទួលបានឯកសារស្របច្បាប់ធ្វើការ នៅប្រទេសថៃ

https://www.kampucheathmey.com/ On February 12, 2021By Sorn Phanith

យោងតាមរបាយការណ៍នៃការធ្វើការជំរឿនរបស់អាជ្ញាធរថៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជាចំនួន ១២៦,១៧២នាក់ ក្នុងនោះពលករមាននិយោជក មានចំនួន ១១០,៧៥៦នាក់ និងពលករមិនមាននិយោជក មានចំនួន១៥,៤១៦នាក់ ដែលត្រូវរៀបចំបន្តឲ្យមានឯកសារសម្រាប់ធ្វើការ ដោយស្របច្បាប់នៅប្រទេសថៃ។ របាយការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ។

លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានឲ្យដឹងថាកិច្ចប្រជុំនេះ រៀបចំឡើង ដើម្បីពិភាក្សានីតិវិធីនៃការបន្តលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ក្នុងការដាក់ចេញនូវវិធានការ និងរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដល់ការផ្តល់កិច្ចគាំពារ និងសេវាគាំទ្រចាំបាច់នានា ដល់បងប្អូនពលករ អាចបន្តស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅប្រទេសថៃ ជាពិសេស ក្នុងដំណាក់កាលនៃវិបត្តិកូវីដ ១៩នេះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ដោយមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍នៅខេត្តសាមុតសាខនរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យពលករបរទេសគ្មានឯកសារ មកចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបានសិទ្ធិស្នាក់នៅ និងធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ លើសពីនេះ រាជរដ្ឋាភិបាលថៃ នឹងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះពលករបរទេសដែលឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃក៏មិនទាន់បញ្ជាក់ពីវិធានការនេះថាយ៉ាងណានោះឡើយ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាមួយគ្នាដែរគណៈកម្មការនឹងសហការជាមួយភាគីថៃ ក្នុងការអនុវត្តនូវកិច្ចការងារនេះ ជូនបងប្អូនពលកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះដែរ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានាជូនដល់បងប្អូនពលករកម្ពុជាយើង ដែលមិនមានឯកសារគ្រប់គ្រាន់ ឬបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស នៅពេលដែលភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នាដែរគណៈកម្មការនឹងសហការជាមួយភាគីថៃ ក្នុងការអនុវត្តនូវកិច្ចការងារនេះ ជូនបងប្អូនពលកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ៕ អត្ថបទ៖ សំអឿន

website_news/2021150205.txt · Last modified: 2021/02/15 13:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki