website_news:2021150206

អាជ្ញាធរខេត្តបាត់ដំបង ផ្អាកមិនឲ្យរថយន្តដឹកទំនិញប្រភេទធុនតូច ឆ្លងកាត់ព្រំដែន

http://btv.com.kh/ 14/02/2021

បាត់ដំបង ៖ ខណៈមានរថយន្តដឹកទំនិញធុនតូចមួយចំនួន មិនសហការជាមួយសមត្ថកិច្ចការពារព្រំដែន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ហើយឃុបឃិតជាមួយមេខ្យល់ លួចនាំពលករពីប្រទេសថៃ ឆ្លងដែនមកស្រុកកំណើត និងបានគេចវេសពីការធ្វើចត្តាឡីស័កនោះ អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចប្រកាសផ្អាកមិនឲ្យរថយន្តប្រភេទនេះ ដឹកទំនិញឆ្លងកាត់ព្រំដែនច្រកអន្តរជាតិដូង (ឡែម) ទៀតនោះទេ ។

ក្នុងកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាពលករឆ្លងដែនមកពីថៃ គេចវេសមិនចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា សមត្ថកិច្ចប្រចាំនៅច្រកអន្តរជាតិ និងច្រកតំបន់ តាមស្រុកជាប់ព្រំដែន មានស្រុកកំរៀង ភ្នំព្រឹក និងសំពៅលូន ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ធ្វើការត្រួតពិនិត្យដោយរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ពាក់ព័ន្ធលំហូរ ការវិលត្រឡប់របស់ពលករ មកពីប្រទេសថៃ តាមច្រកនានា និងឆ្លងអូរព្រំដែន ក្នុងដែនសមត្ថកិច្ចកំពុងទទួលខុសត្រូវ ដោយមិនត្រូវឲ្យមានពលករគេចវេសពីការធ្វើចត្តាឡីស័កបាននោះទេ។ លោក បានបន្តថា ក្នុងនោះដែរ ក៏មានពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនបានផ្សំរួមគំនិត និងឃុបឃិតជាមួយពលករមួយចំនួន ក្នុងការបិទបាំងលាក់បំពួន បន្លែបន្លំ ដើម្បីឲ្យគេចវេសពីការត្រួតពិនិត្យនូវវិធានសុខាភិបាល ការដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាមមណ្ឌល ។

លោកអភិបាលខេត្តរង ក៏បានព្រមានដល់គ្រប់កម្លាំងសមត្ថកិច្ច ដែលពាក់ព័ន្ធក្នុងការឃុបឃិត និងបន្តឲ្យមានពលករនៅតែបន្តគេចវេស ដោយប្រើមធ្យោបាយក្នុងការឃុបឃិតបង្វែងដាន លួចដឹកពលករមិនបានធ្វើចត្តាឡីស័ក ត្រូវទទួលខុសត្រូវ និងប្រឈមចំពោះមុខច្បាប់ ។ តាមរយៈកិច្ចប្រជុំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ និងដាក់ចេញនូវវិធានការក្នុងការបិទការធ្វើចរាចរណ៍របស់រថយន្តធុនតូច ដែលបានចូលទៅដឹកទំនិញ ឆ្លងចេញចូលទៅមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ដោយ បញ្ឈប់ជាបន្ទាន់ក្នុងការអនុញ្ញាតឲ្យរថយន្តតូចៗខាងលើទាំងនោះ បន្តចេញចូល និងឆ្លងកាត់ចូលទៅដឹកទំនិញ នៅក្នុងផ្សារថៃ ចាប់ពីការចេញបទបញ្ជា មួយរយៈសិន ៕ អត្ថបទ ៖ សុខរិទ្ធ

website_news/2021150206.txt · Last modified: 2021/02/15 14:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki