website_news:2021150207

យុវតីខ្មែរម្នាក់ស្នើឲ្យពលរដ្ឋខ្មែរកុំទៅធ្វើការនៅស្រុកគេទាំងប្រថុយប្រថាន

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 14/02/2021 - 12:09 ដោយ៖អោ ស្រីពេជ្រ

ភាពក្រីក្របានរុញច្រានយុវតីខ្មែរម្នាក់ឲ្យរសាត់អណ្ដែតទៅដល់ប្រទេសចិន តាមរយៈការចាញ់បោកមេខ្យល់ ដែលសន្យាថា នឹងរកការងារឲ្យធ្វើនៅទីនោះ។ ជាអកុល បន្ទាប់ពីទៅដល់ប្រទេសចិន នាងបានរងគ្រោះដោយទទួលរងការរំលោភបំពានផ្លូវភេទ ដែលបង្កឡើងដោយមេខ្យល់ និងប្ដីជនជាតិចិន។ តាមរយៈបទពិសោធន៍នេះ យុវតីខ្មែរម្នាក់ស្នើឲ្យពលរដ្ឋខ្មែរកុំទៅធ្វើការនៅស្រុកគេទាំងប្រថុយប្រថាន។ តទៅនេះ សូមស្តាប់ការរៀបរាប់ពីដំណើរជីវិតរបស់យុវតីរូបនេះ ដែលទើបត្រលប់ពីប្រទេសចិនមកដល់កម្ពុជា និងទើបបានមកបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃសៅរ៍នេះតាមរយៈបទយកការណ៍របស់ អោ ស្រីពេជ្រ៖

ជីវិតថ្មី ជាឈ្មោះរបស់យុវតីម្នាក់វ័យ២០ឆ្នាំ ដែលត្រូវបានវិទ្យុបារាំងអន្តរជាតិដាក់ឲ្យដើម្បីរក្សាឯកជនភាពរបស់នាង។ ជីវិតថ្មី សម្រេចចិត្តជឿតាមមេខ្យល់ទៅធ្វើការនៅប្រទេសចិន ព្រោះសង្ឃឹមអាចរកប្រាក់កម្រៃសម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារ ក៏ប៉ុន្តែនៅទីបំផុត នាងបែរជាត្រូវបានរំលោភបំពានសេពសន្ថវៈយ៉ាងព្រៃផ្សៃទៅវិញ។ «និយាយរួមទៅមិនមានសេរីភាពទេ គេឃុំឲ្យនៅតែក្នុងផ្ទះ។ មេខ្យល់ដែលយកយើងទៅលក់ គេវាយធ្វើបាបយើង និងបង្ខំឲ្យយើងដេកនៅជាមួយគេ។ ក្រោយពេលដែលគេដេកនៅជាមួយយើងបានសម្រេចហើយ ប្រហែលជា១អាទិត្យ គេយកយើងទៅលក់បន្តឲ្យប្តី។ បើសិនជាយើងព្រមតាមគេ គេឲ្យយើងទៅតែប្តីមួយទេ ក៏ប៉ុន្តែបើសិនជាយើងមិនព្រម គេនឹងលក់យើងបន្តពីប្តីមួយទៅប្តីមួយទៀត។» រយៈពេល៣ឆ្នាំរស់នៅជាមួយប្តីជនជាតិចិន ជីវិតថ្មី រងការធ្វើទុក្ខបុកម្នេញរាងកាយផង និងផ្លូវចិត្តផង។ «ឪពុកម្តាយក្មេក គាត់បង្ខំអោយខ្ញុំមានកូនឲ្យគេ។ គេវាយខ្ញុំពេលដែលខ្ញុំមិនទៅពេទ្យជាមួយគេ។

គេបង្ខំឲ្យខ្ញុំទៅពេទ្យទៅយកកូន ហើយប្រសិនបើយើងមិនស្តាប់គេ គេហៅបងប្អូនគេមកវាយដំច្រំធាក់ធ្វើបាបយើង។ បើយើងស្តាប់ យើងព្រមតាម យើងមិនឈឺខ្លួនទេ តែបើយើងរឹង នោះយើងនឹងឈឺខ្លួន»។ «គេមិនអោយទំនាក់ទំនង ម៉ែឪបងប្អូន។ ធម្មតាម៉ាក់ខ្ញុំគាត់ឈឺ ខ្ញុំទៅចិនដើម្បីរកលុយព្យាបាលជំងឺគាត់។ ម៉ាក់ខ្ញុំមានជំងឺដុះដុំសាច់ក្នុងស្បូន។ ខ្ញុំបានសុំគេទៅធ្វើការ គេមិនឲ្យយើងទៅធ្វើការទេ។ គេមិនឲ្យយើងគិត និងទំនាក់ទំនងម៉ែឪយើងនៅខ្មែរទេ បើគាត់មានអី គាត់ហូបនឹងទៅ កុំបាច់ទៅគិតអី ធ្វើអីគិតតែគ្រួសារគេហ្នឹងទៅបានហើយ»ជីវិតថ្មី ធំធាត់ឡើងនៅខេត្តក្រចេះ។ ដោយសារបញ្ហាជីវភាព នាងត្រូវបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៤ ដើម្បីរកប្រាក់ចំណូលខ្លះផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ២០១៨ កាលនោះនាងមានអាយុ១៨ឆ្នាំ នាងសម្រេចចាកចេញពីស្រុកកំណើតមកធ្វើការរោងចក្រនៅភ្នំពេញ។ ធ្វើការមិនបាន១ខែផង នាងស្រាប់តែធ្លាក់ចូលក្នុងសំណាញ់មេខ្យល់ បោកឲ្យទៅធ្វើការនៅប្រទេសចិន។

«គ្រួសារខ្ញុំអត់មានផ្ទះនៅផង បងក៏ទើបនឹងស្លាប់ និងម៉ែគាត់ឈឺធ្ងន់ ហើយអត់មានលុយព្យាបាល។ ខ្ញុំអត់មានពុកទេ ពួកគាត់លែងលះគ្នា។ ពេលឡើងមកភ្នំពេញ ធ្វើការងារកាត់ព្រុយខោអាវតាមរោងចក្រពីរោងចក្រមួយទៅរោងចក្រមួយ ក៏បានស្គាល់មនុស្សម្នាក់បបួលខ្ញុំទៅចិនហ្នឹង។ ស្គាល់គាត់ប្រមាណ៣ទៅ៤ថ្ងៃ។ ខ្ញុំនិយាយរឿងគ្រួសារប្រាប់គាត់ គាត់ថាមិនអីទេ បងស្លូតទេ បងនាំអូនទៅធ្វើការល្អ បានលុយច្រើនទៅជួយម៉ែ។ គាត់ថា ថៅកែគាត់នៅចិនកំពុងរកមនុស្សធ្វើការ និងអាចមានប្រាក់ខែច្រើនអាចជួយគ្រួសារបាន។» ជីវិតថ្មី រៀបរាប់ពីដំណើរជីវិតរសាត់អណ្តែតទៅប្រទេសចិន ក្រោយពេលចាកចេញពីប្រទេសខ្មែរយ៉ាងដូច្នេះថា៖ «ដល់ពេលទៅដល់ត្រឹមព្រំដែនវៀតណាម គាត់និយាយថា អូនទៅមុនទៅ បងនៅចាំយកគេ២នាក់ទៀតសិន ចាំទៅជួបគ្នានៅចិន។ នៅពេលខ្ញុំនៅប្រទេសចិន អត់មានឃើញគាត់ផង គាត់អត់មកផង។ ពេលនោះបានជួបគាត់ដែរតាមទូរស័ព្ទ គាត់ថា ឲ្យទៅតាមគេសិនទៅ គេយកអូនឯងទៅកន្លែងហើយ។ ពេលហ្នឹងខ្ញុំក៏អត់ដឹងថាកន្លែងអី គិតថាជាកន្លែងធ្វើការ ព្រោះនិយាយពីខ្មែមកថាធ្វើការ។ ក្រោយមកមេខ្យល់ប្រុសបើកឡានមកយក ក៏ទៅតាមគេ។ ទម្រាំទៅដល់ចិន គឺអស់ពេល២ទៅ៣ថ្ងៃដែរ។ ហើយណាមួយអត់មានបាយអីហូបផង ជិះតាមឡានហ្នឹង គ្មានកម្លាំងអីទៅតតាំងជាមួយគេ មានតែព្រមទៅ។» ចេញពីប្រទេសខ្មែរទៅវៀតណាមតាមរថយន្ត ទៅដល់វៀតណាមហើយ ជីវិតថ្មី ត្រូវបន្តឡើងយន្តហោះទៅប្រទេសចិន ដោយប្រើប្រាស់លិខិតឆ្លងដែនខុសច្បាប់ដែលមេខ្យល់ប្រគល់ឲ្យនាង។ «លិខិតឆ្លងដែនទិញឈ្មោះគេទៅ គឺវៀតណាម អ៊ីចឹងត្រូវចុះនៅព្រំដែនរៀតណាម។ គ្រប់យ៉ាង (ឯកសារ) គឺនៅលើមេខ្យល់ទាំងអស់។ ពេលហ្នឹងអត់មានលុយផង មេខ្យល់ថា គេជាអ្នកចេញឲ្យគ្រប់យ៉ាង។ នៅពេលទៅដល់ចិន គេដកទាំងអស់ពេលទៅដល់ចិន សូម្បីតែទូរស័ព្ទ។» ១ឆ្នាំក្រោយមក ការរស់នៅកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារត្រូវបានផ្សារភ្ជាប់វិញ ដោយនាងបានលួងលោមប្តីជនជាតិចិន ឲ្យនាងអាចប្រើប្រាស់ទូរស័ព្ទដៃបាន។ «ខ្ញុំសរសេរជាអក្សរ លួងលោមគេ។ តាំងពីឆ្នាំ២០១៨ គេដកទូរស័ព្ទ។ ដល់ឆ្នាំ២០១៩ ទើបខ្ញុំអាចលេងទូរស័ព្ទ ទំនាក់ទំនងមកម៉ែនៅខ្មែរបាន។ ខ្ញុំអាចលេងបាន តែនិយាយមិនបានទេ ព្រោះទូរស័ព្ទត្រូវកាត់ផ្តាច់សំឡេងហើយ។ ខ្ញុំលេងបានតែពេលយប់ទេ គឺពេលដែលគេដេក។ ខ្ញុំកុហកគេថា ខ្ញុំយកមកមើលរឿងទេ ព្រោះអីទូរស័ព្ទនោះគ្មានស៊ីមទេ។

» ទីបំផុត ជីវិតថ្មី អាចគេចចេញពីសំណាញ់ប្តីជនជាតិចិនបាន តាមរយៈការដង្ហោយស្វែងរកជំនួយតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក៖ «ហ្វេសប៊ុកដែលខ្ញុំលេងនឹង គឺខ្ញុំសុំគេដែលជាខ្មែរដែរ។ ម៉ាក់ខ្ញុំដឹងខែតុលាឆ្នាំ២០១៩ ពេលនឹងកូវីដផ្ទុះ អត់មានអ្នកណាមកយក។ ឆ្នាំ២០២០ ខែ១១ ថ្ងៃទី៣០ ខ្ញុំផុស (បង្ហោះ) រូបភាពនៅផ្ទះហ្នឹងឲ្យគេមើលទៅ បានមានគេជួយ។ គេទំនាក់ទំនងស្រាវជ្រាវរកណ៎ាបង។ កាលនោះ បង្ហោះជារូបភាព ព្រោះផុសជាវីឌីអូអត់ឮដដែល អ៊ីចឹងទៅក៏ផុសជារូបភាព ហើយសរសេរអក្សរនៅលើហ្នឹងតែម្ដង។ ណាមួយអង្គការ គេបានជួយផ្សព្វផ្សាយ ជួយច្រើនដែរហើយ។ » ជីវិតថ្មី បានមកដល់ប្រទេសខ្មែរនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ និងបានបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃសៅរ៍ទី១២កុម្ភៈម្សិលមិញ។

យ៉ាងណាមិញ បើទោះបីជាជីវិតថ្មី បានមកដល់ស្រុកកំណើតក៏ពិតមែន តែនាងនៅតែមិនទាន់អាចភ្លេចរឿងរ៉ាវដែលបានកើតឡើងនៅឡើយទេ។ អំពើឃោរឃៅទាំងនោះ នៅតែបន្តលងបន្លាចរូបនាងនៅឡើយ។ «យូរដែរ អ៊ីចឹងរៀងធូរ ព្រោះបានមកដល់ស្រុកហើយ។ ក៏ប៉ុន្តែនិយាយអីនៅភ្លេងភ្លាំងៗខ្លះៗ។» ចេញពីជីវិតខ្មៅងងឹត ជីវិតថ្មី ចង់រៀនផ្នែកសម្អាង ជាជំនាញសម្រាប់ចិញ្ចឹមជីវិត និងគិតលែងចាកចេញទៅប្រទេសក្រៅទៀត។ នាងថា សុបិនរបស់នាងហាក់នៅឆ្ងាយណាស់ ព្រោះនាងគ្មានសល់អ្វីទេនៅពេលនេះ។ តាមរយៈក្បាលមេក្រូរបស់វិទ្យុបារាំងអន្តរជាតិ ជីវិតថ្មីផ្តល់យោបល់ទៅកាន់ស្ត្រីខ្មែរដទៃទៀត ធ្វើយ៉ាងណាគិតគូរឲ្យបានច្បាស់លាស់ជាមុនសិន មុនពេលសម្រេចចិត្តចាកចេញពីប្រទេស មិនថាទៅធ្វើការឬរៀបការនោះទេ។ «ចង់ឲ្យគាត់កុំឆាប់ជឿគេ ព្រោះមនុស្សយើងស្គាល់មុខ តែមិនស្គាល់ចិត្ត។ យើងលំបាកក្រអី នៅជាមួយម៉ែឪយើងទៅ។ ទោះបីក្រមានអី យើងនៅស្រុកយើង។

website_news/2021150207.txt · Last modified: 2021/02/15 14:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki