website_news:2021150208

ពលករ ម្នាក់ជាន់មីនរបួសដាច់ជើង ក្រោយលួចឆ្លងពីប្រទេសថៃមកកម្ពុជា តាមព្រៃភ្នំ, រាជរដ្ឋាភិបាលអំពាវនាវឱ្យពលករទាំងអស់ចូលកម្ពុជាតាមច្រកស្របច្បាប់ និងធ្វើចត្តាឡីស័ក

http://www.freshnewsasia.com/ 2021-02-14 10:32pm

(ភ្នំពេញ)៖ ពលករខ្មែរម្នាក់ បានជាន់មីនរងរបួសធ្ងន់ដាច់ជើង នៅវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីបានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន។សមត្ថកិច្ចបានអះអាងថា ពលករខ្មែរម្នាក់នេះ មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ រូបគេបានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា នៅក្នុងភូមិសាស្ត្រអូរលៀង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជាន់មីនបណ្តាលឱ្យដាច់ជេីងខាងស្តាំរបួសធ្ងន់ ហើយពេលនេះរូបគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។ អាជ្ញាធរបានបញ្ជាក់ថា តំបន់ដែលពលករខាងលើឆ្លងដែននេះ ជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ។

ពាក់ព័ន្ធនឹងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន Fresh News បានអំពាវនាវដល់ពលករទាំងអស់ ឱ្យបញ្ឈប់ការឆ្លងដែនតាមព្រៃភ្នំ ឬច្រកណាមួយដែលគ្រោះថ្នាក់ ហើយត្រូវចូលរួមសហការ ក្នុងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

website_news/2021150208.txt · Last modified: 2021/02/15 14:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki