website_news:2021150209

កងយោធាទៅត្រួតពិនិត្យបន្ថែមលើសមត្ថកិច្ចនគរបាលច្រកទ្វារព្រំដែនកម្ពុជា ថៃ រឹតបន្តឹងការឆ្លងដែនរបស់ពលករ, រុះរើកូនស្ពានឆ្លងច្រករបៀង

https://www.rasmeinews.com/ 14 February, 2021

ដោយ: ប.ជ័យ / បន្ទាយមានជ័យ: កងយោធារបស់កងពលតូចចំណុះយោធាភូមិភាគទី៥ ចំណុះកងទ័ពជើងគោក ត្រុវបានចាត់បញ្ជារទៅបំពេញបេសកកម្មត្រួតពិនិត្យបន្ថែម លើភារកិច្ចរបសសមត្ថកិច្ចជំនាញ នៃនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដើម្បីរឹតបន្តឹងការលួចជ្រៀត ឬបង្កប់ការឆ្លងដែនវិលពីប្រទេសថៃរបស់ពលករខ្មែរ។

នេះបើយោងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការយោធភូមិភាគគទី៥និងជានាយសេនាធិការអោយដឹងក្នុងផេករបស់លោកកាលពីថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោអោយដឹងថា ៖ នៅថ្ងៃទី១៣ខែកុម្ភៈ សកម្មភាពកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានទៅសហការត្រួតពិនិត្យបន្ថែមនៅលើច្រកព្រំដែនអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង។ ចំណែកកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានកំពុងបំពេញបេសកកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិខាងលើ បានឲ្យកាសែតរស្មីកម្ពុជាដឹងថ្ងៃទី១៤ ខែកុម្ភៈថា៖ ប្រតិបត្តិការនេះរបស់កងទ័ព គឺបានត្រួតពិនិត្យបន្ថែមពីលើភារកិច្ចប្រចាំថ្ងៃរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារដើម្បីរឹតបន្តឹងការជ្រៀត ឬបង្កប់មនុស្ស ឬពលករខ្មែរឆ្លងដែនតាមយានយន្ត ឬរថយន្តដឹកទំនិញចេញពីប្រទេសថៃ ជាទីដែលផ្ទុះការរីករាលដាលខ្លាំងក្នុងសហគមន៍នូវជម្ងឺកូវីត១៩ ចូលមកប្រទេសកម្ពុជាដោយមិនបានត្រួតពិនិត្យ សុខភាព យកវត្ថុសំណាករកមេរោគកូវីត១៩និងដាក់អោយធ្វើចត្តាឡីស័ក ។

លោកឧត្តមសេនីយ៍ សេង ធារិន ក៏បានឲ្យដឹងដែរថា៖ ដើម្បីទប់ស្កាត់ ឬកាត់ផ្តាច់នូវការលួចចេញ ចូលនូវពលករខ្មែរឆ្លងកាត់ច្រករបៀងនៃព្រំដែនកម្ពុជា ថៃ (មាននៅភុមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកខ្លះទៀតនៅខេត្តបន្ទាយមានជ័យ) កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានរុះរើ កូនស្ពានឆ្លងអូរព្រំដែន។ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែននសខេត្តឯទៀត ក៏ត្រូវធ្វើដែរនូវការលួចធ្វើស្ពាន ,ខ្សែរ៉ក ,ក្បួន,ឬរូបភាពផ្សេងៗដែលបង្កលក្ខណៈអោយពលករលួចឆ្លងដែន។

គឺនៅស្រុកកំរៀង ភ្នំព្រឹក សំឡូត សំពៅលូនខេត្តបាត់ដំបង ស្រុកសាលាក្រៅខេត្តប៉ៃលិន ស្រុកវាលវែងខេត្តពោធិ៍សាត់ ជាដើម។ ប៉ុន្តែនៅបណ្តោយព្រំដែនកម្ពុជា ថៃដែរនាភូមិសាស្ត្រខេត្តកោះកុងនៃយោធាភូមិភាគទី៣, ភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារនៃយោធាភូមិភាគទី៤ ក៏មានការរឹតបន្តឹងលំហូរពលករខ្មែរឆ្លងដែលខុសច្បាប់វិលពីប្រទេសថៃនេះដែរ។ ប៉ុន្តែនៅមិនទាន់មានព័ត៌មានពីប្រតិបត្តិនៃការបិទខ្ខប់ច្រករបៀង ការរុះរើកាត់ផ្តាច់កូនស្ពាន ឬមធ្យោបាយដែលនាំអោយពលករអាចលួចឆ្លងដែននៅឡើយ៕

website_news/2021150209.txt · Last modified: 2021/02/15 14:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki