website_news:2021150301

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតសរសើរ និងលើកទឹកចិត្ត ដល់ស្ត្រីនគរបាលចរាចរណ៍នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីកូន និងការងារ

http://freshnewsasia.com/ 2021-03-12 10:02pm

(ភ្នំពេញ)៖ ក្នុងនាមម្ដាយមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយានាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះស្ត្រីជាមាតាគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តដល់ពេលពេញវ័យផង ដោយមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

ជាក់ស្ដែង លោកស្រី អនុសេនីយ៍ ទោ ស៊ីថុង សុខា បានបំបៅកូននៅតុការងារតាមផ្លូវ ក្នុងពេលបំពេញការងារផងកាលពីថ្មីៗនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចាត់លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រី អនុសេនីយ៍ ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលើកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។

ជាមួយគ្នានេះ លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕

website_news/2021150301.txt · Last modified: 2021/03/15 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki