website_news:2021150701

សម្ដេច ស ខេង សំណូមពរដាក់បញ្ចូលផែនការសកម្មភាពបង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទៅក្នុងផែនការប្រតិ បត្តិប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ន

https://www.kampucheathmey.com/ ថ្ងៃពុធ ១៤ កក្កដា ២០២១ដោយ sopheak khoun

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរតែដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំនៅក្នុងអង្គភាពរបស់ខ្លួន។ ការសំណូមពរនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ» ធ្វើឡើងតាមកម្មវិធីអនឡាញ (ZOOM) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ គឺជាកិច្ចការដ៏សំខាន់ ដែលនឹងបញ្ជាក់អំពីការគាំទ្រ និងចូលរួមរបស់ក្រសួង-ស្ថាប័នរបស់រដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គប្បីយកចិត្តទុកដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាម៉ី….បាទនេះ គឺជាកិច្ចការសំខាន់ណាស់ ដែលបញ្ជាក់អំពីការគាំទ្រ និងការចូលរួមគ្រប់ក្រសួង-ស្ថាប័ន មិនមែនតែក្រសួងសង្គមកិច្ច ឬមិនមែនតែក្រសួងមហាផ្ទៃ ឬក៏មិនមែនតែអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺគ្រប់ក្រសួង-ស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែបញ្ចូលនូវផែនការ ការពារកុមារក្នុងការប្រយុទ្ធប្រឆាំង ការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញនេះ»។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋាន និងការិយាល័យជំនាញ ដែលមានសមត្ថកិច្ចអន្តរាគមន៍ និងដោះស្រាយករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេសផ្ដោតការយកចិត្តទុកដាក់ ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ទោះបីជាកុមារស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដើម្បីជាឧត្ដមប្រយោជន៍របស់កុមារ ដែលជាអនាគតរបស់ប្រទេសជាតិ។

បើតាមអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឲ្យដឹងថា នៅកម្ពុជាតាមរយៈការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យ ទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាពសម្ភារៈអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕ (ដោយ)៖ ឃួន សុភ័ក្រ

website_news/2021150701.txt · Last modified: 2021/07/15 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki