website_news:2021150702

សម្តេចក្រឡាហោម ស ខេង លើកឡើង ១៣ចំណុច ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវអនុសាសន៍ ១៣ចំណុច។ ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាននៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ សម្តេចក្រឡាហោម ស ខេង បានលើកឡើង១៣ ចណុច រួមមាន៖

១-គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គប្បីយកចិត្តទុកដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ទៅក្នុងផែនការសកម្មភាពប្រតិបត្តិរបស់អង្គភាពសាមី។

២-នាយកដ្ឋាន និងការិយាល័យជំនាញ ដែលមានសមត្ថកិច្ច ក្នុងការធ្វើអន្តរាគមន៍ និងដោះស្រាយបទល្មើសបច្ចេកវិទ្យា ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាព អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ ដែលមានជាធរមាន ជាពិសេសផ្តោតលើការយកចិត្តទុកដាក់ ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ទោះបីកុមារស្ថិតក្នុងស្ថានភាពណាក៏ដោយ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ ដែលជាអនាគតរបស់ប្រទេសជាតិយើង។

៣-សិក្សាឡើងវិញនូវភាពខ្វះចន្លោះនៃបទប្បញ្ញត្តិ ដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋប្រឆាំងបច្ចេកវិទ្យាលើកុមារ ដោយស្មារតី និងឆន្ទៈទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងករណី មិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេច ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជា បានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

៤-ក្រុមប្រឹក្សាជាតិ ដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់ លើកកម្ពស់ការអនុវត្តសំដៅធ្វើឲ្យសម្រេចនូវយុទ្ធសាស្ត្រទាំង ៩ ដែលមានចែងក្នុងផែនការនេះ។ លើសពីនេះទៀត ត្រូវពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ ជាពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារនៅទូទាំងប្រទេស ហើយត្រូវបំពេញតួនាទី ជាសេនាធិការ ជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញចូលតែមួយ គ្រប់ការងារ ដែលផ្តោតលើកុមារ។

៥-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឲ្យបានហ្មត់ចត់នូវក្រុមហ៊ុនផ្តល់សេវាអ៊ិនថឺណេត ក្នុងការកំណត់នូវស្តង់ដារ ដែលអាចបង្កើត Data និងរក្សាកំណត់ត្រាទិន្នន័យបង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបបានឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិការូបភាព និងសម្ភារៈអាសអាភាស ដែលរក្សាទុកនៅក្រុមហ៊ុន។

៦-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ នៅក្នុងបច្ចេកវិទ្យាព័ត៌មាន ដោយផ្តល់អាទិភាពជាចម្បងលើកុមារី កុមារជនជាតិដើមភាគតិច និងកុមារមានពិការភាព។

៧-គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់វិស័យ ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ និងអង្គការដៃគូ គប្បីជំរុញ លើកកម្ពស់ការយល់ដឹងអំពីព័ត៌មានសង្គមដល់មាតាបិតា និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារ អំពីការប្រើប្រាស់ប្រព័ន្ធអ៊ិនថឺណេត បញ្ហាគ្រោះថ្នាក់ ដែលកើតមានចំពោះកុមារតាមប្រព័ន្ធអ៊ិនថឺណេត និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ពីរបៀបបង្ការ ជៀសវាងពីទំនាក់ទំនងជាមួយជនខិលខូច នៅក្នុងប្រព័ន្ធអ៊ិនថឺណេតនេះ ដើម្បីពង្រឹងការអនុវត្តប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ និងយន្តការឆ្លើយតបឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ចំពោះករណីរំលោភបំពានកុមារ តាមប្រព័ន្ធអ៊ិនថឺណេត។

៩-ពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោមជាតិជារួម សហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបករណីរូបភាព និងសម្ភារៈអាសអាភាសកុមារ ឲ្យបានទាន់ពេលវេលា។

១០-ពិនិត្យលទ្ធភាព ក្នុងការវិនិយោគ លើធនធានមន្ត្រីទទួលបន្ទុកការងារសង្គមកិច្ច តាមបណ្តាញឃុំសង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច គាំពារកុមារឲ្យដល់សហគមន៍ ជាពិសេសយកចិត្តទុកដាក់ ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ កុមារដែលត្រូវបានគេបោះបង់ កុមារដែលទទួលរងនូវអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។

១១-ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភ បំពានកុមារគ្រប់រូបភាព ជាពិសេសតាមប្រព័ន្ធអនឡាញ ទៅក្នុងវេទិកាសាធារណៈនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារក្នុងគ្រួសារ និងសហគមន៍។

១២-ជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន ដែលផ្តល់សេវាអ៊ិនថឺណេត ណែនាំឲ្យអ្នកប្រើប្រាស់ឧបករណ៍ ចែកចាយអ៊ិនថឺណេត ដែលមានសុវត្ថិភាពចំពោះកុមារ។ ក្នុងនោះដែរ លើកទឹកចិត្តឲ្យពិនិត្យលទ្ធភាព ដាក់ឧបករណ៍ ដើម្បីគ្រប់គ្រង និងផ្តល់សញ្ញាហាមឃាត់ និងប្រើប្រាស់វេបសាយអាសអាភាសកុមារ។

១៣-តាមដានភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ក្នុងកិច្ចការពារកុមារពីភាពរងគ្រោះដោយការរំលោភបំពាន តាមប្រព័ន្ធអនឡាញ៕

website_news/2021150702.txt · Last modified: 2021/07/15 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki