website_news:2021150703

ផែនការសកម្មភាពដើម្បីទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី១៤ ខែកក្កដា

https://www.rfa.org/khmer/news/ ដោយ សេក បណ្ឌិត 2021-07-13

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃសង្ឃឹមថា សកម្មភាពជួញដូរផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នឹងអាចកាត់បន្ថយបានច្រើន ក្រោយការប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅថ្ងៃទី១៤ ខែកក្កដានេះ ខណៈអ្នកជំនាញបារម្ភអំពីការកើនឡើងខ្លាំងក្នុងអំឡុងផ្ទុះជំងឺកូវីដ-១៩។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ក្នុងរយៈពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ-១៩មក សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានរកឃើញថា មានការកើនឡើងជាលំដាប់ មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅជុំវិញពិភពលោកនោះទេ។ អ្នកស្រីបន្តថា សម័យវិទ្យាសាស្ត្រទំនើប នៃការប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ជនល្មើសប្រើគ្រប់រូបភាព ដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ៖ « នៅពេលរងគ្រោះហើយបានយើងដឹងថា គេទាក់ទងគ្នាតាមអនឡាញ ទាក់ទងគ្នាតាមទូរស័ព្ទ ជួនកាលមិនដឹងថាមុខអ្នកនិយាយយ៉ាងម៉េចផង។ សួម្បីរូបភាពប្រើប្រាស់ គេក្រឡៃទៀត ដែលនេះគឺជាភាពរងគ្រោះ។ ជួនកាលដឹងខ្លួនហើយ ទម្រាំរកមុខអ្នកប្រព្រឹត្តបទល្មើសឃើញ ត្រូវប្រើពេលព្រោះពួកគេប្រើរូបភាពនិងឈ្មោះក្លែងក្លាយ»។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះឲ្យដឹងថា ទម្រង់នៃការជួញដូរផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត រួមមាន ការកាន់កាប់ ការបង្ហោះ និងការផលិត រូបភាពអាសអាភាសរបស់កុមារ ការកេងប្រវ័ញ្ចផ្លូវភេទ តាមរយៈការរៀបអាពាហ៍ពិពាហ៍ និងការគំរាមកំហែងតាមទម្រង់ជាច្រើនទៀត ដែលធ្វើឱ្យកុមារទទួលរងគ្រោះ ហើយប៉ះពាល់ដល់សតិអារម្មណ៍ និងការអភិវឌ្ឍរបស់ពួកគេ។

កម្មវិធីប្រកាសឱ្យប្រើប្រាស់ផែនការនេះត្រូវបានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយ ក្រសួងមហាផ្ទៃ និងជាមួយអង្គការអន្តរជាតិមួយចំនួនទៀត រួមមាន អង្គការមូលនិធិកុមារ (ChildFund) អង្គការយូនីសេហ្វ (UNICEF) អង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គភាពការពារកុមារ (CPU) ជាដើម៕

website_news/2021150703.txt · Last modified: 2021/07/15 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki