website_news:2021150704

ផែនការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ ត្រូវដាក់ឱ្យប្រើថ្ងៃស្អែក

https://m.postkhmer.com/national/ ឡុង គីមម៉ារីតា 13 July 2021 | 10:05 ICT

ភ្នំពេញៈ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញនឹងត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដាស្អែក ខណៈអ្នកជំនាញបារម្ភអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញមានការកើនឡើងខ្លាំងក្នុងអំឡុងផ្ទុះជំងឺកូវីដ ១៩។

ទំព័រហ្វេសប៊ុកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន បានឱ្យដឹងថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» ដែលនឹងប្រព្រឹត្តទៅតាមកម្មវិធីអនឡាញ (ZOOM) នៅថ្ងៃទី ១៤ ខែកក្កដា នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងមានមន្ត្រីពីស្ថាប័នពាក់ព័ន្ធជាច្រើនចូលរួម។ កម្មវិធីប្រកាសឱ្យប្រើប្រាស់ផែនការនេះ ត្រូវបានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយសហការជាមួយគណៈកម្មាធិការជាតិ គ.ជ.ប.ជ និងក្រសួងមហាផ្ទៃក្រោមការឧបត្ថម្ភថវិកាពីអង្គការ Terre des Homme Netherlands អង្គការភ្លែនអន្តរជាតិ អង្គការ ChildFund អង្គការ UNICEF អង្គការ APLE អង្គការ CPU និងអង្គការចាប់ដៃ។

លោកស្រី ញ៉ោប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១១ កក្កដា ថាក្នុងរយៈពេលនៃការផ្ទុះជំងឺរាតត្បាត អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញត្រូវបានរកឃើញថាបានកើនឡើងជាលំដាប់មិនថាបរិបទក្នុងប្រទេសកម្ពុជាឬពិភពលោកនោះទេ។

តាមការស្រាវជ្រាវថ្មីបានបង្ហាញថា ក្នុងរៀងរាល់ ៥ នាទីម្តង អំពើជួញដូររូបអាសអាភាសរបស់កុមារលើប្រព័ន្ធអ៊ីនធឺណិតត្រូវបានកើតឡើងក្នុងបរិបទជាសកល ខណៈកម្ពុជាក៏មានសម្ទុះខ្លាំង តាមរយៈការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារក្នុងពេលបច្ចុប្បន្ន។

លោកស្រីបានបញ្ជាក់ថា៖ «កុមារដែលត្រូវគេជួញដូរ គឺពិបាក ព្រោះគាត់លាក់ទុកនៅក្នុងខ្លួន និងគាត់មានផលពិបាក ហើយមិនដឹងប្រាប់អ្នកណាដែលទុកចិត្ត ហើយនៅពេលប្រាប់អាណាព្យាបាលក៏អាចនឹងទទួលបានការស្តីបន្ទោសត្រឡប់មកវិញ ព្រោះពួកគាត់មិនទាន់យល់ ហើយមិនជឿថា មានអំពើរំលោភតាមប្រព័ន្ធអ៊ីនធឺណិត»។ ប៉ុន្តែយ៉ាងណា លោកស្រី ញ៉ោប សុភាព បានអះអាងថា អំពើរំលោភតាមប្រព័ន្ធអ៊ីនធឺណិត គឺមានដល់ទៅ ៦ ទម្រង់ ដូចជាការកាន់កាប់រូបភាពអាសអាភាសរបស់កុមារ បង្ហោះរូបភាពអាសអាភាសរបស់កុមារ ការផលិតរូបភាពអាសអាភាសកុមារ ការបង្ហោះរូបភាពអាសអាភាសផ្សេងៗ និងការគំរាមកំហែងតាមទម្រង់ជាច្រើនទៀត ដែលធ្វើឱ្យកុមារទទួលរងគ្រោះ ហើយប៉ះពាល់ដល់ការអភិវឌ្ឍពួកគាត់ និងឈានដល់ការបាត់បង់ស្មារតីជាដើម។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ការផ្ទុះជំងឺរាតត្បាត បានធ្វើឱ្យកុមារ ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតច្រើន ជាពិសេសសម្រាប់ការសិក្សា។ ដូច្នេះ យើងជំរុញដល់ឪពុកម្តាយកុំឱ្យទុកកូនចោល ឱ្យគាត់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយមិនមានសុវត្ថិភាព»។

សូមជម្រាបថា ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីឆ្នាំ ២០១៩ ហើយដើម្បីឆ្លើយតបនឹងបរិបទថ្មី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក៏បានធ្វើបច្ចុប្បន្នភាពក្នុងការដាក់ឱ្យអនុវត្តជាថ្មីទៀត ដើម្បីកៀរគរភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នអ្នកអនុវត្តច្បាប់ទូទាំងប្រទេសឱ្យបង្កើនសកម្មភាពបង្ការ ទប់ស្កាត់ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព៕

website_news/2021150704.txt · Last modified: 2021/07/15 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki