website_news:2021150705

កម្ពុជា៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញមានជាង១៥០ករណីក្នុង១ឆ្នាំៗ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 14/07/2021 - 08:38

នៅកម្ពុជា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមអនឡាញមានជាង១៥០ករណីក្នុង១ឆ្នាំៗ។ នេះបើតាមការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline)។ តាមរយៈការសិក្សាស្រាវជ្រាវ និងការធ្វើអង្កេតលើកុមារកម្ពុជាឆ្នាំ២០២០ មានកុមារកម្ពុជាប្រមាណ៦០% ពួកគេបានរាយការណ៍ថា ធ្លាប់ជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ដូចជាការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំឱ្យផ្ញើរូបអាក្រាតជាដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរវាងក្រុមការងារអន្តរក្រសួង និងអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងកុមារចេញផ្សាយនៅថ្ងៃទី១៤កក្កដានេះ។

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ កំពុងក្លាយជាក្ដីព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូលនិយាយជារួម និងនិយាយឡែកសម្រាប់ប្រទេសកម្ពុជាជាពិសេសកុមារដែលជួបប្រទះបញ្ហានេះរួចទៅហើយ។ នៅចំពោះមុខក្ដីព្រួយបារម្ភនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៤កក្កដានេះ តាមរយៈកម្មវិធីអនឡាញ ZOOM ដោយមានការចូលរួមពីអង្គទូត និងអង្គការអន្តរជាតិមួយចំនួន។ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញនេះ រួមមាន ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ លើកកម្ពស់វិធានការបង្ការទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ។ ក៏មានដែរការពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រួមនឹងការពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត និងបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ស្របពេលវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារៈសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ។ ទោះបីជាបច្ចេកវិទ្យាព័ត៌មានរីកចម្រើនក៏មានជ្រុងអវិជ្ជមានមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ ដូចជាៈការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

លោកស្រី ហ្សូអ៊ី ឌឺម៉ែលទ្បូ អ្នកគ្រប់គ្រងគម្រោងប្រចាំកម្ពុជារបស់អង្គការដែនដីមនុស្សហូឡង់ ថ្លែងថា ផែនការសកម្មភាពជាតិដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា គឺជាជំហានទៅមុខដែលអស្ចារ្យ ក្នុងការបង្កើតនូវការប្រើប្រាស់អ៊ីនធឺណិតប្រកដោយសុវត្ថិភាពសម្រាប់កុមារ។ បើតាមលោកស្រី ភាពស្មុគស្មាញនៃការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត និងការគិតគូរពីបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាថ្មីៗនេះ គឺទាមទារឱ្យមានការឆ្លើយតបច្បាស់លាស់មួយ។

គួររំឭកជូនថា ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅក្នុងពិភពលោក កើនឡើងដល់ជាង ២១,៧លានករណី ក្នុងនោះជនល្មើសភាគច្រើនជាមនុស្សដែលកុមារមិនស្គាល់។ ចំណែក៧៦% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទមានអាយុពី ៣ ទៅ ១៣ឆ្នាំ ក្នុងនោះ១% ជាកុមារមានអាយុពី ០ ទៅ ២ឆ្នាំ និង ៩៣% ជាក្មេងស្រី។ នេះបើតាមរបាយការណ៍របស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិក ឆ្នាំ២០២០ និងរបាយការណ៍របស់សមាគមន៍បណ្តាញរាយការណ៍បន្ទាន់អន្តរជាតិ (INHOPE)ឆ្នាំ២០២០៕

website_news/2021150705.txt · Last modified: 2021/07/15 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki