website_news:2021150903

ពលករខ្មែរ ២៣នាក់ លួចឆ្លងដែន ចូលក្នុងទឹកដីថៃ រកការងារធ្វើ ត្រូវបានឃាត់ នៅព្រំដែនខេត្តបន្ទាយមានជ័យ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ២៣:៤៨

បន្ទាយមានជ័យ៖ ពលករខ្មែរ ចំនួន ២៣នាក់ បានលួចឆ្លងដែន ចូលក្នុងទឹកដីថៃ រកការងារធ្វើ ហើយត្រូវបានកងកម្លាំងយោធា ឃាត់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ ១៥នាក់ ឃាត់នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំ.ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ រីឯ ៨នាក់ទៀត ត្រូវបានកងកម្លាំងកម្ពុជាយើង ឃាត់ខ្លួននៅអូរជ្រៅ ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីទំនាក់ទំនងកម្ពុជា.ថៃ បានប្រាប់ថា មានប្រជាពលរដ្ឋខ្មែរ ជាពលករ បានលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ដើម្បីរកការងារធ្វើ តាមរយៈមេខ្យល់ ត្រូវបានកម្លាំងយោធាថៃឃាត់ខ្លួនចំនួន ១៥នាក់។ ក្រោយឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ជាពលករចំនួន ១៥នាក់នោះ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលស្រុកតាប្រាយ៉ា ដើម្បីសាកសួរតាមចម្លើយ។ ពួកគាត់បានបញ្ជាក់ថា ពួកគេបានលួចឆ្លងទៅរកការងារធ្វើ តាមរយៈមេខ្យល់ ក្នុង ម្នាក់តំលៃ ៥.០០០បាត ជូនដល់កន្លែងធ្វើការ។ តែពេលដែលកំពុងឆ្លងដែន ចូលក្នុងទឹកដីថៃ ត្រូវបានសមត្តកិច្ចថៃ ឃាត់ខ្លួន។ មន្ត្រីទំនាក់ទំនង បានបញ្ជាក់ថា ក្រោយពេលដែលតម្រួតយោធាថៃឃាត់ខ្លួនពលករខ្មែរ ហើយបញ្ជូនទៅសាកសួរ នៅប៉ុស្តិ៍នគរបាល។ ពលករទាំងនោះ ត្រូវបានចាត់ការ តាមផ្លូវច្បាប់។ ចំណែកពលករខ្មែរ ចំនួន ៨នាក់ ត្រូវបានកម្លាំងចម្រុះ ឈរជើងតាមបន្ទាត់ព្រំដែន ឃាត់ខ្លួន ពេលបម្រុងលួចឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃ។ ពលករខ្មែរទាំងនោះ ត្រូវបានឃាត់ខ្លួន កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា ដើម្បីអនុវត្តវិធានទប់ស្កាត់ពលករ ដែលឆ្លងដែន ដោយខុសច្បាប់ គេចវេះពីការធ្វើចត្តាឡីស័ក គឺកម្លាំងចម្រុះ បានចេញល្បាតតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរ ចំនួន ៨នាក់ (ស្រី ៣នាក់) ដែលកំពុងធ្វើសកម្មភាពលួចឆ្លងដោយខុសច្បាប់។ ក្នុងនោះ មានអ្នកខេត្តបន្ទាយមានជ័យ ចំនួន ៣នាក់ ខេត្តបាត់ដំបង ចំនួន ៣នាក់ ខេត្តកំពង់ធំចំនួន ២នាក់។ កម្លាំងនគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ពលករខ្មែរទាំងនោះ ត្រូវកម្លាំងនាំយកទៅសាកសួរ។ តាមចម្លើយ ពួកគាត់ មានបំណងឆ្លងដែនទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ខ្មែរ ដែលទទួលជូនទៅដល់កន្លែងការងារ នៅប្រទេសថៃ ក្នុងម្នាក់តំលៃ ៥.០០០បាត។ ពួកគេ បានអោយលុយមេខ្យល់ ហើយពេលឆ្លងដែន ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់។ កម្លាំងនគរបាល បានបញ្ជាក់ថា ចំពោះមេខ្យល់ ដែលបោកប្រាស់ពលករខ្មែរ កំពុងធ្វើការស្រាវជ្រាវ និងរកចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ហើយពលករខ្មែរ ចំនួន ៨នាក់នោះ ត្រូវបញ្ជូនមណ្ឌលធ្វើចត្តាឡីស័ក៕ ប៊ុន ធឿន

website_news/2021150903.txt · Last modified: 2021/09/15 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki