website_news:2021151101

សមាគមមួយស្នើសុំលើកលែងការបង់ថ្លៃសេវាធ្វើតេស្តកូវីដ និងចេញវិញ្ញាបនបត្រដល់ពលករក្រៅប្រទេស

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១២ វិច្ឆិកា ២០២១ដោយ Sokhom Khon

ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា នឹងស្នើសុំទៅក្រសួងសុខាភិបាលលើកលែងការបង់ថ្លៃសេវាការធ្វើតេស្តជំងឺកូវីដ១៩ និងចេញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ដល់ពលករ ខណៈតម្លៃសេវាមានតម្លៃថ្លៃរហូតដល់១៣០ដុល្លារអាមេរិក។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា «យើងនឹងស្នើសុំទៅក្រសួងសុខាភិបាលលើកលែងការបង់ថ្លៃសេវាការធ្វើតេស្តរកជំងឺកូវីដ១៩ និងចេញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ សម្រាប់ពលករក្រៅប្រទេសដែលជាការអំណោយផលដល់ពួកគាត់ទៅធ្វើការដោយស្របច្បាប់បើមិនដូច្នេះទេ ពួកគាត់ត្រូវទៅខ្លីលុយពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទៅធ្វើតេស្ត»។

លោកបានបន្តថា បច្ចុប្បន្ននេះពលករទៅធ្វើការនៅជប៉ុនត្រូវបង់ប្រាក់ចំនួន១៣០ដុល្លារអាមេរិក ក្នុងនោះ១០០ដុល្លារសម្រាប់ចំណាយទៅលើការធ្វើតេស្តតាមម៉ាស៊ីន PCR និង៣០ដុល្លារទៀតសម្រាប់ចំណាយទៅលើការចេញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ ដែលមានតម្លៃថ្លៃដែលពួកគាត់មិនមានលទ្ធភាពក្នុងការចំណាយទៅលើសេវាទាំងនេះឡើយ។ លោកបានបន្ថែមទៀតថា «ប្រសិនបើមានការលើកលែងសេវាទាំងនេះនោះ ប្រៀបដូចជាការធ្វើបុណ្យជាមួយពលករយើងអីចឹងដែរ ពិសេសពលករធ្វើការនៅប្រទេសថៃ ដើម្បីអាចឱ្យពួកគាត់អាចទៅស្វែងរកការងារធ្វើនៅប្រទេសថៃដោយស្របច្បាប់ និងកាត់បន្ថយការលួចឆ្លងដែនដោយខុសច្បាប់»។

លោកបានឱ្យដឹងទៀតថា នៅពេលដែលពលករទៅធ្វើការដោយខុសច្បាប់ នឹងធ្វើឱ្យមានបញ្ហាច្រើនហើយចុងក្រោយធ្លាក់បន្ទុកមកលើរដ្ឋាភិបាលវិញដដែល ព្រោះថា ពេលចូលឆ្លងដែនខុសច្បាប់តម្រួតថៃត្រូវបញ្ជូនត្រឡប់មកវិញហើយត្រូវយកគាត់មកធ្វើចត្តាឡីស័ក ធ្វើតេស្តរកកូវីដហើយពេលរកឃើញត្រូវព្យាបាល ត្រូវចំណាយយ៉ាងច្រើនថ្លៃអាហារ និងព្យាបាលនិងស្នាក់នៅដែលត្រូវចំណាយយ៉ាងច្រើនលើសការធ្វើតេស្តទៅទៀត។ លោកបានបន្តទៀតថា សម្រាប់ពលករម្នាក់ចេញទៅធ្វើការនៅក្រៅប្រទេសត្រូវចំណោយថវិកាជាង២០០ដុល្លារអាមេរិក ដើម្បីរៀបចំលិខិតឆ្លងដែន និងរៀបចំឯកសារផ្ទាល់ខ្លួន។ ចំពោះប័ណ្ណធ្វើការងារ និងវីសាគឺជាបន្ទុករបស់និយោជក។ លោកបានបញ្ជាក់ថា នាពេលខាងមុខនេះរដ្ឋាភិបាលថៃនឹងបើកប្រទេសឡើងវិញ ដើម្បីទទួលពលករបរទេសពិសេសប្រទេសជិតខាងថៃរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដោយសារថៃមានតម្រូវការពលករច្រើន។ លោក អន ប៊ុនហាក់ បានបន្ថែមថា ពលករដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំងដែលបញ្ហានេះពលករយើងមិនមានបញ្ហានោះទេព្រោះថាពលករបានចាក់វ៉ាក់សាំងរួចហើយ និងការធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីន PCRដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩ដែលពលករត្រូវចេញថ្លៃតេស្តខ្លួនឯង។

លោក អនប៊ុនហាក់ បានបន្ថែមទៀតថា ប៉ុន្តែពេលចូលទៅដល់ប្រទេសថៃមិនតម្រូវឱ្យពលករបង់ទេជាកាតព្វកិច្ចរបស់និយោជកថៃត្រូវបង់ជំនួសទាំងការធ្វើតេស្តនិងចេញថ្លៃព្យាបាលប្រសិនបើពលករនោះមានវិជ្ជមានកូវីដ១៩។ យ៉ាងណាក៏ដោយលោកបានមានប្រសាសន៍ថា យើងនៅមិនទាន់ទទួលបាននីតិវិធីជាផ្លូវការពីភាគីថៃនៅឡើយទេ។ ប៉ុន្តែយើងបានត្រៀមពលករមានវីសាប្រមាណ៩ពាន់នាក់រួចហើយ។ លោកប្រធានសមាគមបានបន្តទៀតថា នៅសល់៩ពាន់នាក់នេះ ដោយសារតែការរង់ចាំយូរកន្លងមកមានពលករមួយចំនួនដែលបានចុះឈ្មោះទៅធ្វើការនៅប្រទេសថៃ៣០ទៅ៥០ភាគរយបានលួចចូលទៅក្នុងប្រទេសថៃ ហើយមានខ្លះចូលបាន និងខ្លះទៀតត្រូវតម្រួតថៃចាប់បញ្ជួនត្រឡប់មកវិញ៕ អត្ថបទ៖ សំអឿន

website_news/2021151101.txt · Last modified: 2021/11/15 13:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki