website_news:2021151106

នគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនពលករខ្មែរ១០នាក់ បម្រុងលួចឆ្លងដែនទៅថៃ ហើយអប់រំណែនាំ និងឲ្យត្រឡប់ទៅផ្ទះវិញ

https://cen.com.kh/ Posted ByPen Srey NeatNovember 14, 2021

ឧត្តរមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន១០នាក់ លួចឆ្លងដែនតាមច្រករបៀងទៅប្រទេសថៃ ក្នុងភូមិសាស្រ្ត ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន ដើម្បីយកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ នៅស្នងការរដ្ឋាននគររបាលខេត្តឧត្ដរមានជ័យ ។ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ពលករខ្មែរចំនួន១០នាក់ ដែលមានបំណងចង់លួចឆ្លងដែន ចូលក្នុងប្រទេសថៃដោយខុសច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានធ្វើការអប់រំណែនាំ ពលរដ្ឋខ្មែរ ចំនួន ១០ នាក់ ស្រី០៤ នាក់ មកពីបណ្តាខេត្តផ្សេងៗ ដែលលួចឆ្លងដែនតាមច្រករបៀងទៅប្រទេសថៃ មានបំណង បម្រុងលួចឆ្លង ដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ ក្រោយកម្លាំងចម្រុះដែលប្រចាំការគោលដៅអូរស្មាច់ ល្បាតពួនស្ទាក់ ឃាត់បាននៅវេលាម៉ោង ២០និង៣៧ នាទី ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងកើតអូរទី២ ភូមិសាស្រ្តប៉ុស្តិ៍អណ្ដែតមុត UA(៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ពលរដ្ឋខាងលើមានទីលំនៅស្រុកអង្គរជុំខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចហើយ លោកក៏បានអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានថ្លែងណែនាំបន្ថែម ដល់កងកម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធិភាព ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021151106.txt · Last modified: 2021/11/15 13:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki