website_news:2021151201

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ នៅស្រុកគិរីសាគរ

https://gdlf-kh.com/ Kao sophy ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ នៅស្រុកគិរីសាគរ។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលបានកើតឡើងនៅគ្រប់បណ្តាប្រទេស ក្នុងពិភពលោក ក្នុងចំណោមឧក្រិដ្ឋកម្មដទៃផ្សេងទៀត ដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិ សុខមនុស្ស និងប្រទេសជាតិ និងជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍ ដែលបានចេញទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងក្មេង ចាស់ ប្រុស ស្រី ដោយមិនរើសមុខ។ ប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីអំពើជួញដូរមនុស្សតាមរយៈការ កេងប្រវ័ញគ្រប់រូបភាព ការរំលោភបំពានលើសិទ្ធ និងសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស ដោយបានបំផ្លាញដល់រូបរាងកាយ និងស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះអាចនឹងធ្វើ ឪ្យកើតមានវិបត្តិក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និងបង្ក្រាបទាន់ពេល វេលានោះ។

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១២ ខែធ្នូ ជារៀងរាល់ឆ្នាំ សម្រាប់ខេត្តកោះកុង លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង បានប្រារព្ធទិវាជាតិលើកនេះត្រូវបានសម្រេចរៀបចំប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែធ្នូ នាថ្ងៃនេះតែម្តង។ ការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្ងៃនេះ គឺជាយុទ្ធនាការដ៏ធំមួយដើម្បី បំផុសការចូលរួមពីថ្នាក់ដឹកនាំក្នុងជួរមន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ក៏ដូចជាបង ប្អូនប្រជាពលរដ្ឋគ្រប់រូប ឱ្យមានឆន្ទៈមុតមាំ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការបង្ការ ទប់ស្កាត់ ការពារប្រជាពលរដ្ឋ និងប្រទេសជាតិយើងឪ្យរស់នៅដោយសុខុដុមរមនា និង(គ្មានអំពើជួញដូរមនុស្ស)។

យើងខ្ញុំមានមោទនភាពក្រៃលែង ដែលកន្លងមកមាន អង្គការបេសកកម្មអន្តរជាតិហៅកាត់ ថា អាយ.ជ.អឹម(IJM) អង្គការវីនរ៉កអន្តរជាតិ(Winrock International) អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី និងអង្គការដៃគូរផ្សេងៗ បានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មាធិ ការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ក៏ដូចជា លេខាធិការដ្ឋាន ជាសេនាធិការ និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធនានា រួមជាមួយនឹង ជំនាញកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត បានរៀបចំជាវគ្គបណ្តុះបណ្តាល ជាសិក្ខាសាលា និងវេទិកាផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្មនៅក្នុងខេត្ត ក៏ដូចជានៅតាមបណ្ដោយព្រំដែននៃខេត្តកោះកុង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេស លេខាធិការដ្ឋានខេត្ត សហការជាមួយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី អង្គការហ្វាពន្លឺ សិល្បៈ អង្គការមេឌៀវ័ន្ត និងអង្គការវីវើល ជីវីស៊ី បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ការធ្វើចំណាក ស្រុកដោយសុវត្ថិភាព» នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ៕

website_news/2021151201.txt · Last modified: 2021/12/15 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki