website_news:2021151204

ពលករខ្មែរមានអត្រាឆ្លងខ្ពស់ជាងគេទីពីរក្នុងចំណោមពលករចំណាកស្រុក៩៧,០៦០ នាក់ ដែលឆ្លងកូវីដ-១៩នៅប្រទេសថៃ

https://www.khmertimeskh.com/ December 14, 2021

ប្រទេសថៃបានរាយការណ៍ថា ពលករចំណាកស្រុកប្រមាណ ៩៧,០៦០នាក់ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានឆ្លងជំងឺកូវីដ-១៩ នៅចន្លោះខែមីនាឆ្នាំមុន និងខែសីហាឆ្នាំនេះ។ ក្នុងនោះ មានប្រមាណ ៤,២០២នាក់ មានអាយុក្រោម ១៨ឆ្នាំ។ ពលករចំណាកស្រុកខ្មែរត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងខ្ពស់បំផុតទី២ ទោះបីជាព័ត៌មានលម្អិតពិតប្រាកដមិនត្រូវបានបង្ហាញក៏ដោយ។

ស្ថានភាពរបស់កុមារត្រូវបានពិពណ៌នាដូចខាងក្រោមៈ

មានសិស្សថ្នាក់ទី៥ម្នាក់ដែលមានសំណាងបានសិក្សានៅមជ្ឈមណ្ឌលសិក្សាជនចំណាកស្រុក ក្នុងទីក្រុង Mae Sot ឈ្មោះMin* ជ្រើសរើសយកការហិតកាវ នៅពេលទំនេររបស់គាត់។ តាមរយៈការធ្វើដូច្នេះ គាត់ចង់រំសាយអារម្មណ៍ ដើម្បីបំភ្លេចពីកតព្វកិច្ចរកម្ហូបអាហារតាមរយៈធ្វើការរយៈពេលយូនៅទីសត្តឃាតក្នុងស្រុក បន្ទាប់ពីឪពុកម្តាយរបស់គាត់ត្រូវបានបញ្ឈប់ពីការងារដោយសារផលប៉ៈពាល់នៃជំងឺកូវីដ-១៩។ ដោយគ្មានលុយទិញស្មាតហ្វូន និងគ្មានអ៊ីនធឺនែត ឱកាសនៃការបន្តការសិក្សារបស់គាត់តាមរយៈការរៀនតាមអ៊ីនធឺណិតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ខណៈពេលដែលការព្យាយាមសិក្សានៅផ្ទះបង្រៀនដោយបុគ្គលិកសង្គមគឺមានរយៈពេលខ្លី។ នៅពេលចូលធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ក្នុងពេលរលកទីមួយនៃជំងឺកូវីដ-១៩ Min បានជួបបញ្ហាសុខភាពជាច្រើន ប៉ុន្តែគ្មានលុយដើម្បីព្យាបាលនោះទេ។

ម្នាក់ក្នុងចំណោមពីរបីនាក់ដែលអាចធ្វើការបានក្នុងអំឡុងពេលរាតត្បាតគឺ ពលករចំណាកស្រុក ការ៉ែន Jor Gay Ler ជាឪពុកក្មេងស្រីអាយុប្រាំបួនឆ្នាំ ដែលបានសម្គាល់ថាកូនស្រីរបស់គាត់មានបញ្ហាសុខភាពផ្លូវអារម្មណ៍ និងផ្លូវកាយ ដោយរងផលប៉ៈពាល់យ៉ាងខ្លាំង ចាប់តាំងពីសាលារៀនថៃបានបិទដោយមិនកំណត់ពេលវេលា ដោយសារតែជំងឺកូវីដ-១៩។ គាត់បាននិយាយថា “នាងចេះតមាត់ ហើយមិនព្រមស្តាប់បង្គាប់។ នាងបង្ហាញសញ្ញានៃការថប់បារម្ភ និងអាកប្បកិរិយាឆេវឆាវ។ សុខភាពរបស់នាងក៏កាន់តែយ៉ាប់យ៉ឺនដែរ ទោះជាយ៉ាងណាក៏ដោយ ការធានារ៉ាប់រងសុខភាពដែលយើងមាន មិនបានរ៉ាប់រងលើលក្ខខណ្ឌសុខភាពបែបនេះទេ។ ការបន្តការសិក្សាតាមអ៊ីនធឺណិតមានការលំបាកច្រើន ដោយសារតែប្រពន្ធខ្ញុំ និងខ្ញុំមិនសូវចេះអាន និងសរសេរភាសាថៃ។ ខ្ញុំមិនដឹងរកអ្នកណាជួយទេ។ អ្វីដែលខ្ញុំសង្ឃឹមគឺសាលានឹងបើកក្នុងពេលឆាប់ៗនេះ»។ ពួកគេស្ថិតក្នុងចំណោមកុមាររាប់ពាន់នាក់របស់ពលករចំណាកស្រុកនៅក្នុងប្រទេសថៃ ដែលត្រូវការយ៉ាងខ្លាំង នូវការអប់រំ ការថែទាំសុខភាព និងសិទ្ធិជាមូលដ្ឋាន ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩បានធ្វើឱ្យជីវិតក្លាយជាឋាននរកសម្រាប់ពួកគេ។

កាលពីដើមខែនេះ ប្រទេសថៃបានរាយការណ៍ថា ខ្លួនគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពលករមកពីប្រទេសជិតខាង មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះកម្លាំងពលកម្មដែលកំពុងប៉ះពាល់ដល់ការនាំចេញ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។ ពលករចំណាកស្រុកជាពិសេសមកពីប្រទេសមីយ៉ាន់ម៉ាត្រូវបានគេស្គាល់ថាជាឆ្អឹងខ្នងនៃឧស្សាហកម្មសំណង់ ការផលិត និងអាហារសមុទ្ររបស់ប្រទេស ដូច្នេះវាជារឿងអកុសល ដែលប្រទេសម្ចាស់ផ្ទះដូចប្រទេសថៃបានធ្វើការតិចតួច ក្នុងការធានាដល់កុមារចំណាកស្រុក ដោយមានការយកចិត្តទុកដាក់ក្នុងអំឡុងពេលការរាតត្បាតដែលពួកគេត្រូវប្រឈមនឹងហានិភ័យ។

ការស្ទង់មតិ បានគូសបញ្ជាក់បន្ថែមអំពីផ្នត់គំនិតរបស់ឪពុកម្តាយចំណាកស្រុក ដែលមានប្រាក់ឈ្នួលទាបចំពោះការអប់រំ និងសុខុមាលភាពរបស់កូនពួកគេ ដោយជាងពាក់កណ្តាលបានយល់ព្រមឱ្យកូនរបស់ពួកគេធ្វើការ ប្រសិនបើសាលារៀនមិនមែនជាជម្រើសដែលអាចសម្រេចបាន ដែលធ្វើឱ្យសុខភាព និងសុខុមាលភាពរបស់កុមារស្ថិតក្នុងហានិភ័យ។ កង្វល់ដែលពាក់ព័ន្ធសម្រាប់សកម្មជនកុមារ និងបុគ្គលិកសង្គម គឺតម្រូវការក្នុងការពិនិត្យឡើងវិញ និងកែសម្រួលច្បាប់ការពារកុមារដែលពាក់ព័ន្ធ ដើម្បីផ្តល់សុវត្ថិភាពកាន់តែប្រសើរឡើងសម្រាប់កុមារចំណាកស្រុក។ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យវិស័យឯកជនចូលរួម និងជួយប្រសិនបើមានលក្ខខណ្ឌច្រើនដែលរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួលដល់កុមាររាប់ពាន់នាក់ដែលត្រូវបានប្រឈមនឹងហានិភ័យដោយសារជំងឺរាតត្បាត។ ដោយសារគ្រួសារជនចំណាកស្រុកភាគច្រើនប្រឈមមុខនឹងអនក្ខរកម្ម បែបបទស្មុកស្មាញ និងអំពើពុករលួយក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ទំនួលខុសត្រូវជាច្រើនសម្រាប់សុខុមាលភាពរបស់កូនពួកគេធ្លាក់ទៅលើបុគ្គលិកសង្គមកិច្ច និងសកម្មជនកុមារដែលធ្វើការក្នុងសហគមន៍របស់ពួកគេ។

លោក Adisorn Kerdmonkol អ្នកសម្របសម្រួលជាមួយក្រុមការងារទេសន្តរប្រវេសន៍ បាននិយាយថា កុមារចំណាកស្រុកបានរងទុក្ខដោយសារមិនទាន់មានច្បាប់ធានារ៉ាប់រងសុខភាព ដូច្នេះហើយធ្វើឲ្យពួកគេមិនអាចទទួលបានការព្យាបាលគ្រប់គ្រាន់នៅពេលរកឃើញថាបានឆ្លងវីរុសនេះ។ លោក Adisorn បានអោយដឹងថា”យើងបានប្រឈមមុខនឹងផលវិបាកគ្រប់ប្រភេទ ចាប់ពីការឱ្យពួកគេធ្វើតេស្តរកកូវីដ-១៩ រហូតដល់ការផ្គត់ផ្គង់ម៉ាស់ និងអាកុលដល់ពួកគេ ដើម្បីការពារពួកគេក្នុងអំឡុងពេលរលកទីពីរ។ ពេលវេលាដ៏លំបាកបំផុតរបស់យើងគឺរលកទីបី ក្នុងអំឡុងពេលនៃការកើនឡើងនៃវីរុសបំលែងដែលតា ដែលមានកុមារជាច្រើនឆ្លងយ៉ាងឆាប់រហ័ស ដោយសារស្ថានភាពរស់នៅមានភាពចង្អៀត និងខ្វះអនាម័យ”។ លោកបានបន្ថែមថា “ការរៀនតាមអ៊ីនធឺណិត ជាមួយនឹងតម្រូវការអ៊ិនធឺណិត និងទូរស័ព្ទស្មាតហ្វូន គឺមានការប៉ៈពាល់យ៉ាងខ្លាំងដល់កុមារចំណាកស្រុក ដោយសារតែឪពុកម្តាយរបស់ពួកគេ គឺជាអ្នករកប្រាក់ប្រចាំថ្ងៃ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការបិទអាជីវកម្ម និងការបញ្ឈប់ការងារ” ។ “ការមិនមានប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ការចំណាយទាំងនេះ គួបផ្សំនឹងបញ្ហាដែលពាក់ព័ន្ធបានធ្វើឱ្យសិស្សចំណាកស្រុកបោះបង់ចោលការសិក្សា”។ លោក Adisorn បាននិយាយថា ដោយសារតែពួកគេខ្វះសិទ្ធិជាមូលដ្ឋាន ឧក្រិដ្ឋជនតែងតែឆ្លៀតឱកាសនេះរត់ពន្ធក្មេងៗ និងកុមារងាយរងគ្រោះ។ ដោយសារតែការពន្យាពេលក្នុងការចេញសំបុត្រកំណើតសម្រាប់គ្រួសារជនចំណាកស្រុកអំឡុងពេលជំងឺរាតត្បាត ក្មេងៗគឺជាគោលដៅ ខណៈដែលការកើនឡើងនៃចំនួនកុមារដែលប៉ុនប៉ងចូលប្រទេសថៃដោយខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ាដើម្បីនៅជុំជាមួយគ្រួសាររបស់ពួកគេ នេះបានផ្តល់ឱកាសអោយជនខិលខូចជួញដូរកុមារ។

អ្នកស្រី Siriporn Kaewsombat មកពីអង្គការជំនួយគ្មានព្រំដែនបាននិយាយថាជំងឺរាតត្បាតបានបង្ហាញពីស្ថានភាពចុះខ្សោយនៃការអប់រំរបស់កុមារនៃគ្រួសារចំណាកស្រុក។ អ្នកស្រីបាននិយាយថា ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ពួកគេខ្វះអាហាររូបត្ថម្ភ និងទឹកស្អាតត្រឹមត្រូវ ហើយប្រឈមនឹងហានិភ័យនៃការក្លាយជាពលករកុមារ ដែលជារឿយៗដោយសារតែភាពក្រីក្រធ្ងន់ធ្ងរ។ អ្នកស្រីបានបន្ថែមថា ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ កុមារមួយចំនួនធំបង្ហាញសញ្ញាជំងឺផ្លូវចិត្តដោយសារតែការរំលោភបំពានលើកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ អ្នកស្រី Siriporn បាននិយាយថា សិស្សដែលងាយរងគ្រោះបំផុតគឺគ្មានឯកសារ ដែលមានរហូតដល់ទៅ៣៩% នៃចំនួនសិស្សនៅក្នុងក្រុងតាមព្រំដែន Mae Sot ។ ពួកគេសិក្សានៅមជ្ឈមណ្ឌលសិក្សាជនចំណាកស្រុកដែលមានកម្មវិធីសិក្សាដែលអាចបត់បែនបាន ស្របតាមកម្មវិធីសិក្សាពីសាលាមីយ៉ាន់ម៉ា។ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះរកឃើញថាតិចជាង១០% នៃសិស្សមកពីមជ្ឈមណ្ឌលអប់រំទាំងនេះបានបាត់ខ្លួនដោយគ្មានដាន ជាពិសេសនៅពេលដែលព្រំដែនបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។

អ្នកស្រី Siriporn បាននិយាយថា តាមបទពិសោធន៍ លោកស្រីចង់ស្នើឱ្យរក្សាទុកកំណត់ត្រាកុមារកំព្រារបស់ពលករចំណាកស្រុកដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដូច្នេះពួកគេអាចទទួលបានជំនួយពីភ្នាក់ងារពាក់ព័ន្ធ និងឯកសារវឌ្ឍនភាពរបស់ពួកគេ។ “យើងត្រូវជួយសង្គ្រោះកុមារកំព្រាទាំងនេះ ហើយផ្តល់ក្តីសង្ឃឹមដល់ពួកគេសម្រាប់អនាគត។ ទាំងរដ្ឋាភិបាល និងផ្នែឯកជនក៏គួរតែគាំទ្រទីភ្នាក់ងារដែលផ្តោតលើការគាំពារកុមារទាំងនេះ ដោយសារកាលៈទេសៈដែលមិនអាចដឹងមុន ពួកគេត្រូវបានបណ្តាលអោយនៅក្រៅប្រព័ន្ធអប់រំ និងសុខភាព។ យើងត្រូវតាមដានពីកន្លែងលាក់ខ្លួនរបស់ពួកគេ»។ “ផលប៉ះពាល់របស់ជំងឺកូវីដ-១៩ បានរុញច្រានកុមារទាំងនេះអោយធ្លាក់ទៅក្នុងពលកម្មកុមារក្នុងអត្រាលឿនជាងពេលមុនៗ។ យើងត្រូវតែការពារសុវត្ថិភាពរបស់ពួកគេ មុនពេលវាយឺតពេល។”

website_news/2021151204.txt · Last modified: 2021/12/15 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki