website_news:2021151205

ការភ័យខ្លាចចំពោះវីរុសបំលែង Omicron នៃ SARS-CoV-2 អាចនឹងបណ្តាលអោយប្រជាជនកម្ពុជាសំរុកចេញពីប្រទេសថៃម្តងទៀត

https://www.khmertimeskh.com/ December 14, 2021

ប្រទេសថៃបានបង្កើនការយាមល្បាតតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីឃ្លាំមើលពលករចំណាកស្រុកខ្មែរខុសច្បាប់ ដែលព្យាយាមត្រលប់មកកម្ពុជាវិញ ដោយសារការភ័យខ្លាចនៃការឆ្លងវីរុសបំលែង Omicron នៃវីរុសកូរ៉ូណា។ ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងនៅពេល ដែលវីរុសបំលែង Delta ត្រូវបានរកឃើញនៅដើមឆ្នាំនេះ ដែលបង្ខំឱ្យពលករចំណាកស្រុកខ្មែររាប់ពាន់នាក់ភៀសខ្លួនចេញពីប្រទេសថៃ។ ក្នុងប្រតិបត្តិការនេះ ជនចំណាកស្រុកខ្មែរចំនួន ៧ នាក់ ត្រូវបានទាហានល្បាតព្រំដែនថៃចាប់ខ្លួន ខណៈពួកគេព្យាយាមឆ្លងព្រំដែនខេត្តស្រះកែវ ក្នុងស្រុកអារញ្ញប្រាថេត ដែលព្យាយាមត្រឡប់ចូលប្រទេសកម្ពុជាវិញកាលពីសប្តាហ៍មុន។

ទាហានថៃបានប្រាប់សារព័ត៌មានក្នុងស្រុកថៃថា មន្រ្តីខ្លួនបានប្រទះឃើញជនសង្ស័យមួយក្រុម រួមមានបុរស ៤នាក់ និងស្ត្រី ៣នាក់ ខណៈដែលពួកគេដើរកាត់វាលអំពៅមួយក្នុងសង្កាត់ប៉ារ៉ៃ ដែលមានព្រំដែនជាប់ប្រទេសកម្ពុជា។ ការស៊ើបអង្កេតដំបូងបង្ហាញថា ពួកគេជាពលករចំណាកស្រុកខ្មែរ»។ ការស៊ើបអង្កេតជាបន្តបន្ទាប់បានបង្ហាញថា អ្នកទាំង៧នាក់បានចូលប្រទេសថៃដោយគ្មានឯកសារដើម្បីធ្វើការនៅខេត្តស្រះកែវ ដែលជាគោលដៅពេញនិយមរបស់ពលករចំណាកស្រុកខ្មែរ។ ក្រុមនេះត្រូវបានគេរាយការណ៍ថាមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ហើយចង់ត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីបានឮអំពីការលេចចេញនូវវីរុសបំលែង Omicron ។ ជនចំណាកស្រុកបានអះអាងថា ពួកគេត្រូវបានក្រើនរំលឹកពីសំណាក់ពលករកម្ពុជានៅក្នុងប្រទេសថៃថា វីរុសបំលែងOmicron មានគ្រោះថ្នាក់ខ្លាំង និងងាយចម្លង ដែលជំរុញឱ្យពួកគេបោះបង់ការងារ ហើយភៀសខ្លួនចេញពីប្រទេសថៃ។ ករណីវីរុសបំលែង Omicron ដំបូងរបស់ប្រទេសថៃត្រូវបានរកឃើញលើអ្នកជំនួញជនជាតិអាមេរិកអាយុ ៣៥ ឆ្នាំម្នាក់កាលពីថ្ងៃសុក្រ (៣ ធ្នូ)។ គាត់បានធ្វើដំណើរពីប្រទេសអេស្ប៉ាញនៅថ្ងៃទី ៣០ ខែវិច្ឆិកា បន្ទាប់ពីរស់នៅទីនោះបានមួយឆ្នាំ។

website_news/2021151205.txt · Last modified: 2021/12/15 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki