website_news:2021160202

សម្តេចតេជោ ប្រាប់ទៅកងកម្លាំង និងអាជ្ញាធរជាប់ព្រំដែនថៃទប់ស្កាត់ដាច់ណាត់កុំឲ្យពលករឆ្លងចេញ-ចូលខុសច្បាប់

https://www.kampucheathmey.com/local-news/ on February 15, 2021By deth leng

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ទៅដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្ត ដែលមានព្រំដែនជាប់ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ត្រូវរកវិធីទប់ស្កាត់ប្រជាជន ពលករខ្មែរឆ្លងដែនចេញ-ចូលខុសច្បាប់ ដើម្បីការពារគ្រោះថ្នាក់នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន កើតមានឡើងបន្ទាប់ពី មានករណីពលករខ្មែរម្នាក់ ឈ្មោះយឿន រ៉ន មានអាយុ ២៣ ឆ្នាំបានជួបគ្រោះថ្នាក់ជាន់មីនដាច់ជើងក្នុងពេលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា កាលពីម៉ោង ៧៖០០ ល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក។ តាមរយៈ សារអេឡិចត្រូនិកតេឡេក្រាម សម្តេចតេជោថ្លែងប្រាប់ឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តដែលនៅជាប់ព្រំដែនថៃ ព្រមទាំងកងកម្លាំងប្រដាប់អាវុធចម្រុះ មានថ្នាក់ដឹកនាំកងទ័ពផងដែរ ត្រូវធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលមកតាមច្រកត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ ដោយសារគ្រាប់មីន ដែលមានមួយករណីកើតឡើងនៅបន្ទាយមានជ័យជាន់មីនដាច់ជើងជាគំរូ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើទុកបន្ត រឿងនេះ មិនចប់ទេ ការធ្វើដំណើរចេញ គឺមិនឲ្យចេញដាច់ខាត ដែលកន្លងទៅមានការទំនាក់ទំនងឲ្យចេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ លោកនេត សាវឿន ត្រូវចងក្រងមនុស្ស គឺរាជរដ្ឋាភិបាលគួតែ យកមុខសញ្ញារត់ពន្ធមនុស្ស ឆ្លងដែន យកមកគ្រប់គ្រងសិន ព្រោះកាលៈទេសៈនេះ ជាកាលៈទេសៈចាំបាច់ ត្រូវរកគ្រប់វិធីដើម្បីយកពួកក្រុមនេះឃុំគ្រង។ សម្តេចសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ឥឡូវប្រសិនបើទុកបន្តគ្រោះថ្នាក់កាន់តែធំ វាទាក់ទិនទៅនឹងគ្រោះថ្នាក់ មីនកន្លែងខ្លះដោះមិនទាន់អស់នោះទេ ដើរចុះឡើង ទៅកន្លែងមិនទាន់ដោះមីន មានគ្រោះថ្នាក់ដាច់ជើង ឬស្លាប់ ដោយសារតែគ្រាប់មីនតែម្តង”។ បើតាមសម្តេចតេជោ ហ៊ុន សែន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ត្រូវរកវិធីទប់ស្កាត់ការឆ្លងដែន ខុសច្បាប់ដែលមិនបានធ្វើចត្តាឡីស័ក បូកនឹងការកាពារប្រជាជន កុំឲ្យស្លាប់ឬរបួស ដោយសារត្រូវគ្រាប់មីនដូចករណីខាងលើ៕ អត្ថបទ៖ ឡេង ដេត

website_news/2021160202.txt · Last modified: 2021/02/17 12:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki