website_news:2021160207

ល្បិចថ្មី ! ចាប់រថយន្តដឹកផ្លែឈើ លួចបង្កប់ពលករពីខាងក្នុង គេចមិនព្រមធ្វើចត្តាឡីស័ក

https://www.rasmeinews.com/ 15 February, 2021

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមត្ថកិច្ច បានឃាត់ត្រួតពិនិត្យរថយន្តយីឌុប ដឹកផ្លែឈើ ពីប្រទេសថៃ ចូលមកកម្ពុជា ដោយបានលួចបង្កប់ពលករខ្មែរ ចំនួន ៣ នាក់។ ការបង្កប់ពលករ នៅក្នុងរថយន្តដឹកផ្លែឈើនេះ គឺដើម្បីគេចវេះ មិនធ្វើចត្តាឡីស័ក។ ការត្រួតពិនិត្យ លើរថយន្តដឹកផ្លែឈើនេះ បានធ្វើឡើង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

យោងសេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានប្រាប់គេហទំព័រ រស្មីកម្ពុជា ឲ្យដឹងថាៈ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ កម្លាំងយោធភូមិភាគទី៥ កងពលតូចថ្មើរជើងលេខ ៥៣ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យ រថយន្តយីឌុបមួយគ្រឿង ដែលដឹកផ្លែឈើ ចូលទៅថៃ នៅពេលត្រឡប់ចូលកម្ពុជាវិញ បានលួចបង្កប់ពលករ ចំនួន ៣ នាក់ ហើយត្រូវបានឃាត់ខ្លួន យកទៅធ្វើចត្តាឡីស័ក។ ចំណែកអ្នកបើករថយន្ត បាននាំខ្លួនយកទៅអនុវត្ត តាមនីតិវិធីច្បាប់។ រថយន្តដឹកផ្លែឈើ ដែលលួចបង្កប់ពលករ ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A-០៥៤៩ ។ ប្រភពដដែល បានបន្តថាៈ សរុបនៅថ្ងៃទី១៥ ខែកុម្ភៈ នេះ សមត្ថកិច្ច បានត្រួតពិនិត្យរកឃើញពលករ ចំនួន ១០ នាក់ ឆ្លងដែនមកពីថៃ ដោយក្នុងនោះ ឃាត់ខ្លួនមេខ្យល់ បានម្នាក់ផងដែរ។

ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផាកពិន័យ លើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល ថានឹងត្រូវទទួលរងការផាកពិន័យ ចំនួន ១.០០០.០០០ រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌ ដូចមានចែង នៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌ ជាធរមាន៕/V

website_news/2021160207.txt · Last modified: 2021/02/17 13:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki