website_news:2021160209

ក្រសួងការងារនិងស្ថានទូតខ្មែរព្រមានពលករមកថៃថានឹងត្រូវអស់លុយ១លានរៀលបើហ៊ានគេសវេះពីការធ្វើចត្តាឡីស័ក

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 15/02/2021 - 12:22

ក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃនៅរសៀលថ្ងៃចន្ទនេះ បានចេញមកព្រមានដល់ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃថា មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ និង គេចវេះពីការធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាឡើយ។ ក្រសួងការងារ និងស្ថានទូតកម្ពុជាព្រមានទៀតថា បើសិនពួកគេហ៊ានបំពាន នោះនឹងត្រូវរងការពិន័យ១លានរៀលតាមច្បាប់របស់កម្ពុជា។ ការព្រមានទាំងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកមិញនេះ បានបង្ហាញពីបំណងចង់ឱ្យមានចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរឹងបន្ថែមទៀតលើអ្នកដែលគេចវេសមិនព្រមធ្វើចត្តាឡីស័ក។

តាមរយៈសេចក្តីប្រកាសព័ត៌មានពីរដាច់ដោយឡែកពីគ្នាប៉ុន្តែក្នុងន័យតែមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអះអាងប្រាប់ដល់ក្រុមពលករខ្មែរថា មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាដែលអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។ ក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានព្រមានថា ក្នុងករណីដែលពួកគេហ៊ានគេចវេះមិនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទេនោះ នឹងត្រូវទទួលរងការផាកពិន័យ១លានរៀល ឬច្រើនជាងនេះនិងទទួលទោសព្រហ្មទណ្ឌថែមទៀត។

ជាមួយគ្នានេះ ក្រសួងការងារ និងស្ថានទូតកម្ពុជាក៏បានប្រាប់ពលករខ្មែរនៅថៃដែរថា ត្រូវសហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំពួកគេឆ្លងដែនចេញ-ចូលដោយខុសច្បាប់មកកាន់ប្រទេសកម្ពុជា។ ចំណែកស្ថានទូតកម្ពុជាបានប្រាប់បន្ថែមថា ពលករខ្មែរត្រូវគោរពអនុវត្ត និងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាររបស់រដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ដោយឡែក ក្រសួងសុខាភិបាលកម្ពុជាវិញ ក៏បានក្រើនរំលឹកពីបញ្ហាផាកពិន័យនេះដល់អភិបាលរាជធានី-ខេត្តទាំងអស់នៅកម្ពុជា។ ក្រសួងសុខាភិបាលបានប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ឱ្យអនុវត្តនូវការផាកពិន័យនេះ ដែលតាមច្បាប់ គឺចន្លោះពី២០ម៉ឺនរៀល ទៅ១លានរៀលចំពោះអ្នកដែលគេសវេះពីការធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែ ការផាកពិន័យនេះ បើប្រៀបធៀបទៅនឹងប្រទេសក្បែរខាងកម្ពុជាវិញ គឺនៅកម្រិតមួយទាបខ្លាំងណាស់។

ជាក់ស្តែង នៅប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាមបានកំណត់ថា ប្រសិនបើអ្នករត់ចេញ ឬខកខានមិនបានធ្វើចត្តាឡីស័ក គឺនឹងត្រូវពិន័យជាទឹកប្រាក់២០លានដុងឬប្រហែលជាង៨០០ដុល្លារអាមេរិក និងអនុវត្តទោសព្រហ្មទណ្ឌបើសិនបានចម្លងមេរោគកូវីដ១៩ទៅអ្នកដទៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។ បើតាមស្ថានទូតកម្ពុជា នៅវៀតណាម អ្នករំលោភវិធានការពារជំងឺកូវីដ១៩ អាចប្រឈមការជាប់គុក១២ឆ្នាំ ឯអ្នកមិនធ្វើសេចក្តីប្រកាសសុខភាព ឬប្រកាសក្លែងក្លាយនឹងត្រូវពិន័យដល់ទៅ១០០លានដុងឬប្រមាណជាង៤ពាន់ដុល្លារអាមេរិក ខណៈអ្នកមិនពាក់ម៉ាសនៅកន្លែងសាធារណៈនឹងត្រូវពិន័យ៣លានដុងឬ១៣០ដុល្លារអាមេរិក៕

website_news/2021160209.txt · Last modified: 2021/02/17 13:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki