website_news:2021160702

សម្ដេច ស ខេង ឲ្យក្រសួងស្ថាប័ន អាជ្ញាធរយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទកុមារ

https://dap-news.com/national/ ByTR110 Posted on July 14, 2021

ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើជួញដូរមនុស្សផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង សម្តេច ស ខេង បានដាក់បទបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥។

ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ រួមគ្នាបន្តពង្រឹងការអនុវត្ត បទដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីប្រសិទ្ធភាពក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ប្រកបដោយសង្គតិភាពក្នុងការបង្ការ ទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារ។ សម្ដេចមានប្រសាសន៍ថា «គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ បញ្ចូលផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាម៉ី»។

សម្ដេចបន្ដថា នាយកដ្ឋាន និងការិយាល័យ ជំនាញដែលមានសមត្ថកិច្ចក្នុងការធ្វើអន្តរាគមន៍ និងដោះស្រាយករណីបទ ល្មើសបច្ចេកវិទ្យា ត្រូវបន្តការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ទោះបីកុមារស្ថិតក្នុងស្ថានភាពណាក៏ដោយ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារដែលជាអនាគតប្រទេសជាតិ ។ សម្ដេច ស ខេង ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការបញ្ជ្រាបចូលបញ្ហា នៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេស តាមប្រព័ន្ធអនឡាញ ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតា បិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍ ៕

website_news/2021160702.txt · Last modified: 2021/07/16 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki