website_news:2021160703

កម្ពុជា បោះជំហានទៅមុខ ក្នុងការលើកកម្ពស់កិច្ចការពារកុមារ ទាំងកម្ពុជា និងពិភពលោក

https://dap-news.com/national/ ByKD102 Posted on July 14, 2021

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា កម្ពុជា ជាប្រទេសបោះជំហានទៅមុខ ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវការលើកកម្ពស់កិច្ចការពារកុមារ ទាំងកម្ពុជា និងពិភពលោក ផងដែរ។

ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធ វិដេអូ សម្ដេច ស ខេង មានប្រសាសន៍ថា «ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល ហើយពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពាន ក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្នុងនោះ កម្ពុជា ជាប្រទេសដែលបោះជំហានទៅមុខ ក្នុងការចួលរួមចំណែក សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ ទាំងកម្ពុជា ក៏ដូចជាពិភពលោក ផងដែរ»។

សម្ដេច ក៏បានរំលឹកថា ក្រោយពីកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយខិតខំដាក់បញ្ចូល ខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាព រងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។ សម្ដេច បន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឲ្យសម្រេចកំណើនសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ក្នុង ពីរទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោកទទួលស្គាល់ នូវការប្រែប្រួលឈានឡើង យ៉ាងឆាប់រហ័សរបស់កម្ពុជា បានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

website_news/2021160703.txt · Last modified: 2021/07/16 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki