website_news:2021160706

ពលករចំណាកស្រុកកម្ពុជានៅប្រទេសថៃបានទទួលការអនុញ្ញាតអោយស្នាក់នៅបន្ត

https://www.khmertimeskh.com/ Khmer July 15, 2021

គណៈរដ្ឋមន្រ្តីថៃបានអនុម័តសំណើរអនុញ្ញាតអោយពលករចំណាកស្រុក៤ក្រុម មកពីកម្ពុជា ឡាវ និងភូមា ស្នាក់នៅ និងធ្វើការស្របច្បាប់ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំក្រោយ ដើម្បីអនុញ្ញាតអោយពួកគេអាចដោះស្រាយឯកសារពាក់ព័ន្ធនឹងការធ្វើការស្របច្បាប់ តំរូវដោយច្បាប់ ដែលធ្លាប់បានដាក់ចេញពីមុន។ លោក Suchart Chomklin រដ្ឋមន្រ្តីក្រសួងការងារបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារ។

រដ្ឋាភិបាលធ្លាប់បានដោះស្រាយ និងអនុញ្ញាតពលករចំណាកសុ្រកប្រទេសទាំងនេះស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅក្នុងប្រទេស តាមរយៈសេចក្តីសម្រេចចំនួនបី មុននឹងមានសេចក្តីសម្រេចចិត្តរបស់គណៈរដ្ឋមន្រ្តីនេះទៅទៀត សេចក្តីសម្រេចទាំងបីនេះមាន សេចក្តីសម្រេចធ្វើនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សេចក្តីសម្រេចធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ និងសេចក្តីសម្រេចញធ្វើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

មានពលករចំណាកស្រុកជាច្រើន ដែលមានប័ណ្ណការងារផុតកំណត់ ដោយសារពួកគេមិនអាចស្វែករកអ្នកអោយការងារថ្មីក្នុររយៈពេល៣០ថ្ងៃ ដែលតំរូវដោយច្បាប់ បន្ទាប់ពីពួកគេឈប់ ឬក៏បាត់បង់ការងារដែលធ្លាប់មាន។ប៉ុន្តែ លិខិតអនុញ្ញាតស្នាក់នៅបន្តរបស់ពួកគេនឹងត្រូវផុតកំណត់ឆាប់ៗ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ពលករចំណាកស្រុកទាំងនេះប្រឈមនឹងការក្លាយទៅជាពលករខុសច្បាប់ប្រសិនបើគ្មានអន្តរាគមន៍ណាមួយជួយទេនោះ។

ជាលទ្ធផល នៅថ្ងៃទី២៦ ខែមករា រដ្ឋាភិបាលបានសំរេចបន្តផ្តល់ការអនុញ្ញាតផ្សេងទៀតដល់ពួកគេ ដែលអាចអោយអ្នកចំណាកស្រុក ស្នាក់នៅរហូតពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៦ ខែកញ្ញា ដោយយោងតាមកាលបរិច្ឆេទផុតកំណត់ក្នុងប័ណ្ណអនុញ្ញាតអោយធ្វើការរបស់ពួកគេ។

ដោយសារជំងឺរាតត្បាតនៅមិនទាន់មានភាពស្រាកស្រាន្ត ពលករនៅតែប្រឈមនឹងការបាត់បង់ភាពធ្វើការងារស្របច្បាប់នៅក្នុងប្រទេសថៃ។ ដូច្នេះហើយ លោក Suchart បានបន្ថែមថា រដ្ឋាភិបាលបានសំរេចអនុញ្ញាតពលករចំណាកស្រុកប្រទេសទាំងនេះអាចស្នាក់នៅរហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំក្រោយ ដើម្បីផ្តល់ទល្ធភាព អោយពួកគេមានឱកាសចាត់ចែងឯកសារធ្វើការស្របច្បាប់ និងចុះឈ្មោះទទួលប័ណ្ណការងារ។

Pairoj Chotikasatien អគ្គនាយកនៃនាយកដ្ឋានការងារ បានគូសបញ្ជាក់ថា៖ លើសពីនេះពលករចំណាកស្រុកមកពីប្រទេសទាំងនេះ ដែលបាត់បង់ការងារដោយសារសេដ្ឋកិច្ចចុះខ្សោយបណ្តាលមកពីវិធានការណ៍រឹតត្បឹតការពារជំងឺកូវីដ-១៩ ពួកគេនឹងត្រូវបានផ្តល់រយៈពេលចំនួន៦០ថ្ងៃថែមទៀត ដើម្បីអាចរកការងារថ្មី និងចុះឈ្មោះជាមួយអាជ្ញាធរខាងផ្នែកការងារ។

លោក Suchart បាននិយាយថា រដ្ឋាភិបាលកំពុងតែព្យាយាមជួយសម្រួលពលករទាំងនេះ ដើម្បីធានាអោយពួកគេបាននូវសុវត្ថិភាព សុខភាពល្អ ដែលមានសារៈសំខាន់ក្នុងការធានាបាននូវសុខភាពសាធារណៈជាទូទៅក្នុងប្រទេសថៃ។

website_news/2021160706.txt · Last modified: 2021/07/16 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki