website_news:2021160708

បន្លំខ្លួនក្នុងរថយន្តសង្គ្រោះដឹកអ្នកជំងឺកូវីដ តម្រួតថៃចាប់បានពលករខ្មែរជាង១០នាក់

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៥ កក្កដា ២០២១ដោយ Sokhom Khon

ពកលករខ្មែរប្រមាណជាង១០នាក់ រួមជាមួយរថយន្តចំនួន២គ្រឿង ក្នុងនោះ១គ្រឿង ជារថយន្តសង្គ្រោះបន្ទាន់ ត្រូវបានក្រុមតម្រួតប្រចាំខេត្តច័ន្ទបុរី ស្ទាក់ចាប់បាន បន្ទាប់ពីមានការសង្ស័យថា នៅក្នុងរថយន្តសង្គ្រោះបន្ទាន់នោះ មិនមែនជាអ្នកជំងឺកូវីដ-១៩ ។ ការឃាត់រថយន្តទាំង២គ្រឿងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៤ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលរថយន្តទាំង២គ្រឿងនេះ គឺទី១ ជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ ដោយអ្នកបើកបរមានស្លៀកពាក់ឯកសណ្ឋានជាគ្រូពេទ្យដើរយកសំណាក ព្រមទាំងបានបើកភ្លើងស៊ីរ៉ែនតាមផ្លូវរហូត។ ដោយឡែក១គ្រឿងទៀត គឺជារថយន្តនីសាន់ ដឹកសម្ភារៈតាមក្រោយ។ បន្ទាប់ពីមានការសង្ស័យសមត្ថកិច្ចថៃបានឃាត់ដើម្បីសុំត្រួតពិនិត្យ ជាលទ្ធផលនៅក្នុងរថយន្ត សង្គ្រោះបន្ទាន់គេឃើញមានពលករខ្មែរសរុបចំនួន១៤នាក់ មនុស្សធំ៩នាក់ និងក្មេង៥នាក់ ដោយអ្នកបើកបររថយន្តទាំង២គ្រឿង គឺជាជនជាតិថៃចំនួន៣នាក់ ។

ជនជាតិថៃទាំងនោះបានសារភាពថា ពួកគេស៊ីឈ្នួលដឹកចេញពីខេត្ត ណុនថៈបុរី ឆ្ពោះទៅកាន់ខេត្តច័ន្ទបុរីក្នុងតម្លៃសរុប ២៥,០០០ បាត ដើម្បីអោយពួកគាត់ឆ្លងដែនតាមច្រកបានឡែន ចូលទៅកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែដោយសារតែខេត្ត ណុនថៈបុរី គឺជាតំបន់ក្រហម ទើបសមត្ថកិច្ចថៃ ចាត់អោយក្រុមគ្រូពេទ្យចុះពិនិត្យសំណាកទៅលើពលករទាំង១៤នាក់ ជាលទ្ធផលមាន៥នាក់ មានវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ន នេះត្រូវបានដាក់អោយក្រុមគ្រូពេទ្យព្យាបាល និងឃុំខ្លួនដើម្បីធ្វើចត្តាឡីស័ក ដោយឡែកជនជាតិថៃទាំង ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021160708.txt · Last modified: 2021/07/16 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki