website_news:2021160709

លោក ហ៊ុន ម៉ាណែត ចុះមើលទីតាំងមួយក្នុងខេត្តឧត្តរមានជ័យ រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ពលករមកពីថៃ

http://freshnewsasia.com/ 2021-07-15 06:03pm

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។ ការចុះពិនិត្យរៀបចំមណ្ឌលជាព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់សម្រាប់ប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ គឺដោយសារមួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរឲ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការពេញផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ ពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។

សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញជំងឺកូវីដ-១៩ ចំនួន២.២២២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន២.០៦០នាក់ ករណីឆ្លងក្នុងសហគមន៍ ចំនួន១៦២នាក់ បានព្យាបាលជាសះស្បើយ ចំនួន៤៨៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១.៧២៩នាក់ និងស្លាប់ចំនួន៤នាក់ផងដែរ៕

website_news/2021160709.txt · Last modified: 2021/07/16 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki