website_news:2021160710

ពលករចំណាកស្រុកគ្មានឯកសារនៅប្រទេសថៃប្រឈមនឹងការរងគ្រោះដោយជំងឺកូវីដ-១៩

https://www.khmertimeskh.com/ Khmer July 15, 2021យិន សឿម / ខ្មែរថាមស៍

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារថៃ បានឲ្យដឹងថា ពលករចំណាកស្រុកខ្មែរជាច្រើននាក់ដែលស្ថិតនៅប្រទេសថៃកំពុងរងចាំទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ក្រសួងបានប្រកាសនៅថ្ងៃទី ២៦ ខែមិថុនាថា រាល់ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅប្រទេសថៃឥឡូវនេះត្រូវតែមានឯកសារការងារស្របច្បាប់ ដើម្បីទទួលបានវ៉ាក់សាំងការពារកូវីដ-១៩។

លោក ប៊ុន សីហា ប្រធានសហជីពកម្មករតំណាងពលករចំណាកស្រុកកម្ពុជានៅថៃបាននិយាយថា៖ «ខ្ញុំបានឮអំពីការប្រកាសនេះពីរដ្ឋាភិបាលថៃកាលពី ២ សប្តាហ៍មុន»។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារថៃ សេចក្តីសម្រេចនេះត្រូវបានអនុវត្តចំពោះកម្មករចំណាកស្រុកទាំងអស់ដែលធ្វើការនៅរោងចក្រក្នុងខេត្ត Pathum Thani ខេត្ត Nonthaburi និងខេត្ត Samut Prakan។ ពលករចំណាកស្រុកទាំងអស់ដែលស្ថិតនៅតំបន់ទាំងនេះត្រូវតែមានលិខិតអនុញ្ញាតការងារជាផ្លូវការ ដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ សេចក្តីប្រកាសបានឲ្យដឹងថាក្រុមសង្កេតការចល័តឃើញថាមានតែពលករចំណាកស្រុកចំនួន ៣០.០០០ នាក់ប៉ុណ្ណោះដែលបានបង្ហាញប័ណ្ណការងារស្របច្បាប់ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យ។ ក្រុមការងារបានចុះទៅពិនិត្យនៅរោងចក្រ និងការដ្ឋានសាងសង់ ដើម្បីយកសំណាក ហើយបានរកឃើញថា រោងចក្រមួយចំនួនមានកម្មករដែលបានឆ្លងជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។ អ្នកដែលបានធ្វើតេស្តវិជ្ជកូវីដ-១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាលោកមិនទាន់បានដឹងអំពីសេចក្តីប្រកាសនេះពីប្រទេសថៃនៅឡើយទេ។ លោកនិយាយថា រដ្ឋាភិបាលថៃនឹងបញ្ជូនលិខិតការទូតផ្លូវការទៅក្រសួងថាវ៉ាក់សាំងនេះត្រូវបានផ្តល់ឲ្យតែពលករស្របច្បាប់ប៉ុណ្ណោះ។

លោក លួង សុភណ្ឌ បុគ្គលិកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ( សង់ត្រាល់ ) បាននិយាយថាវាជាការព្រួយបារម្ភមួយដែលថាពលករកម្ពុជាជាច្រើនមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩។ លោកបន្តថា៖ «រដ្ឋាភិបាលថៃគួរតែផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ពលករទាំងអស់ ទោះបីពួកគេមានឯកសារការងារស្របច្បាប់ ឬមិនមានក៏ដោយ ពីព្រោះពិតជាសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស»៕

website_news/2021160710.txt · Last modified: 2021/07/16 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki