website_news:2021160712

ខេត្តសៀមរាបនឹងក្លាយជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ គ្មានកន្លែងគ្រប់គ្រាន់ ក្នុងការទទួលប្រជាពលរដ្ឋចំណាកស្រុកពីក្រៅប្រទេស !

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១

សៀមរាប៖ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះថា រាជរដ្ឋាភិបាលសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន ។ លោកវេជ្ជបណ្ឌិត បន្តថា ដោយមានការភ័យខ្លាចចំពោះការរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទឌែលតា (Delta ) មានការឆ្លងទៅលើប្រជាពលរដ្ឋខ្មែរ ដែលចំណាកស្រុកពីក្រៅប្រទេស ដែលមេរោគនេះ មានសភាពកាចសាហាវជាងមេរោគកូវីដ-១៩ធម្មតា។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជារកឃើញមេរោគប្រភេទថ្មីនេះចំនួន ២២ករណី នៅទូទាំងប្រទេស ទើបប្រមុខរាជរដ្ឋាភិបាល កំណត់ឲ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុកមកពីក្រៅប្រទេសត្រូវដាក់ធ្វើចត្តាឡីស័ក និងព្យាបាល នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ដូចជា÷ ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ដោយឡែកខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំប្រទល់ ប៉ុន្ដែជាក់ស្ដែងពេលនេះ ប្រជាពលរដ្ឋចំណាកស្រុកមកកាន់តែមានចំនួនច្រើន លើសពីបន្ទុក ទើបសម្រេចយកខេត្តសៀមរាប ជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ ក្នុងការទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងអស់ ទោះមិនមែនមានស្រុកកំណើតនៅខេត្តសៀមរាបក៏ដោយ ។

គួររំឮកថា កាលពីពេលថ្មីនេះ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតផ្លូវការមួយ ដោយផ្អែកតាមសភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទឌែលតា និងដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទឌែលតានេះ រដ្ឋបាលខេត្ត បានធ្វើការណែនាំដល់គណ:អភិបាលក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងវិធានការចត្តាឡីស័ក នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលត្រឡប់ទៅមូលដ្ឋានរស់នៅវិញ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានម៉ត់ចត់។ ក្នុងករណីដែលប្រជាពលរដ្ឋពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័ក នៅតាមព្រំដែនទេ ត្រូវពង្រឹងការអនុវត្តវិធានការទាំងផ្នែករដ្ឋបាល ផ្នែកសុខាភិបាល សំដៅបង្ការគ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែរយ:ចម្លង នៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋាន ដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គិតមកទល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២,៧១១នាក់, បានព្យាបាលជាសះស្បើយចំនួន១,០៦០នាក់, ស្លាប់ចំនួន ២៦នាក់ និងចំនួន ១,៦២៥នាក់, កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ខណ:ខេត្តសៀមរាប បានរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទឌែលតានេះចំនួន ៤ករណីផងដែរ៕ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021160712.txt · Last modified: 2021/07/16 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki