website_news:2021160803

ក្នុងចំណោមពលករ១០០នាក់ មកពីប្រទេសថៃ ធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ ចំនួន១២ទៅហើយ

https://cen.com.kh/ Posted ByPen Srey NeatAugust 13, 2021

បាត់ដំបង ៖ ពលករខ្មែរប្រមាណជាង៤០០នាក់ ដែលជាប់គាំងនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេសខេត្តបាត់ដំបង រយៈពេល ១៤ ថ្ងៃ ក្នុងន័យដើម្បីធ្វើការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ១៩ ប្រភេទដែលតា(Delta) ដែលនឹងត្រូវបានបញ្ចប់នៅម៉ោង ២៣និង៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយឈានចូលដល់ព្រឹកថ្ងៃទី១៣ ខែសីហា នេះដែរ ពួកគាត់បានសម្រុកចូលមកស្រុកកំណើតវិញ ដោយបានឆ្លងកាត់ច្រកទ្វារតំបន់ព្រំដែនសួនស៊ុ ហៅ អូរអន្លក់ ក្នុងឃុំតាសែន ស្រុកកំរៀង និងមួយផ្នែកទៀតចូលតាមច្រករបៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។

អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានដឹកនាំប្រតិភូខេត្ត មានថ្នាក់ដឹកនាំតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត មកទទួលយកពលករខ្មែរទាំងអស់នោះមកវិញ បន្ទាប់ពីបានជាប់គាំងដោយការបិទខ្ទប់ព្រំដែននៃប្រទេសកម្ពុជា ថៃ ដែលភាគីថៃ បានរៀបចំឱ្យមានការស្នាក់នៅជាបណ្តោះអាសន្ន ក្នុងមណ្ឌលចត្តាឡីស័កនៅស្រុកសយដាវ និងស្រុកប៉ូណាំរ៉ង ខេត្តចាន់បូរី ដែលក្នុងនោះខាងភាគីថៃបានពិភាក្សានិងបញ្ជូនពលករទាំងនោះនៅពេលបើកព្រំដែនឡើងវិញបន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃកន្លងមក ។ លោក ងួន រតនៈ បានបញ្ជាក់ថា ពលករដែលមកដល់ច្រកទ្វារព្រំដែនត្រូវបានមន្ត្រីជំនាញ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាក និងធ្វើតេស្តរហ័ស ដោយបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅលើពួកគេជាបន្តបន្ទាប់ ។ ឯកឧត្តម បានបញ្ជាក់ថា ពលករដែលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល នៅមណ្ឌលព្យាបាលដោយដាក់ពួកគាត់ នៅដាច់ដោយឡែកពីអ្នកជំងឺចាស់ និងអ្នកអវិជ្ជមានត្រូវបានដឹកជញ្ជូន ទៅកាន់មណ្ឌលចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មុននឹងបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កនៅខេត្តសាមីរបស់ពួកគាត់ទៀត ។

សូមបញ្ជាក់ថា ពេលពលករចូលមកដល់ច្រកទ្វារព្រំដែន ត្រូវបានយកសំណាកធ្វើតេស្តរហ័ស ដោយបានរកឃើញវិជ្ជមានកូវីដ១៩ ជាលទ្ធផលបឋម ពលករចំនួន១០០នាក់ បានរកឃើញអ្នកវិជ្ជមានចំនួន១២នាក់ ។ នៅក្នុងការបើកឱ្យដំណើរការព្រំដែនឡើងវិញនេះ កងកម្លាំងយោធពលខេមរភូមិន្ទ បានយករថយន្តដែលជាអំណោយ របស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ប្រមាណ៤០០នាក់ ចូលមកក្នុងប្រទេកម្ពុជាវិញ ដើម្បីបញ្ជូនពួកគេទៅព្យាបាលជំងឺ និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែននៃខេត្តបាត់ដំបងផងដែរ ៕ រក្សាសិទ្ធិដោយ៖CEN

website_news/2021160803.txt · Last modified: 2021/08/16 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki