website_news:2021160804

ពលករជាប់តាមព្រំដែនថៃ ត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ក្រោយព្រំដែនបើកឡើងវិញ

http://freshnewsasia.com/ 2021-08-13 12:03pm

(បន្ទាយមានជ័យ)៖ ពលករខ្មែរប្រមាណ ១៤៧នាក់ មានក្មេងតូចៗផងនោះ ត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាវិញហើយនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបានជាប់តាមព្រំដែនលើទឹកដីថៃ ក្នុងកំលុងបិទព្រំដែនពីរសប្តាហ៍កន្លងទៅ។ ក្នុងពេលកម្ពុជាបិទព្រំដែនពីរសប្តាហ៍កន្លងទៅនេះ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃជាបន្តបន្ទាប់។ ដោយសារវិធានការបិទព្រំដែន ដូច្នេះពួកគេក៏បានបោះតង់ស្នាក់នៅបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនលើទឹកដីថៃ។

ជាមួយការអនុញ្ញាតឱ្យចូលក្នុងប្រទេសវិញនេះ កម្លាំងទ័ពកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជាមេបញ្ជាការ បានចុះទៅជួយសម្របសម្រួលនៅបន្ទាត់ព្រំដែន ដោយពិនិត្យសុខភាពរោគមេរោគកូវីដ១៩ តាមរយៈតេស្តរហ័ស និងដឹកជញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ក។ លោកមេបញ្ជាការ សឹង្ហ ទុំ បានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពលករចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័កហើយនោះ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តឈរជើងរឹតបណ្តឹងបំពេញប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំឱ្យមានឆ្លងរាលដាលចូលក្នុងសហគមន៍នូវមេរោគកូវីដ១៩ បំប្លែថ្មីប្រភេទដែលតា (Delta)។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានណែនាំទៅកងកម្លាំងជួរមុខទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃ អាចមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។

សូមបញ្ជាក់ថា បើទោះបីមានការបើកច្រកព្រំដែនឡើងវិញយ៉ាងណាក្តី តែសម្រាប់ខេត្តបន្ទាយមានជ័យ អាជ្ញាធរណែនាំឱ្យពលករចូលមកកម្ពុជាតាមច្រកអូរបីជាន់ ច្រកបឹងត្រកួន និងម៉ាឡៃ ដើម្បីងាយស្រួលក្នុងការពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក។ ជាមួយគ្នានៅតាមបន្ទាត់ព្រំដែន និងច្រករបៀងនានា ត្រូវបានពង្រាយកម្លាំងយាមកាមយ៉ាងតឹងរឹងប្រជាពលរដ្ឋលួចឆ្លងដែនតាមច្រករបៀង នឹងត្រូវចាប់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលអាជ្ញាធរបានរៀបចំ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងវិលចូលប្រទេសវិញតាមខេត្តបន្ទាយមានជ័យ កុំឱ្យលួចឆ្លងដែននៅតាមច្រករបៀង ត្រូវឆ្លងតាមច្រកដែលអាជ្ញាធររៀបចំ ដើម្បីតេស្តសុខភាព និងធ្វើចត្តាឡីស័ក ចៀសវាងការនាំមេរោគទៅគ្រួសារ និងឆ្លងរាលដាលក្នុងសហគមន៍៕

website_news/2021160804.txt · Last modified: 2021/08/16 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki