website_news:2021161103

====== ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ពលករខ្មែរត្រឡប់ពីថៃ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ពេញលេញ មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ តែត្រូវធ្វើតេស្តរហ័ស

http://freshnewsasia.com/ 2021-11-15 05:53pm

(បន្ទាយមានជ័យ)៖ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ពលករខ្មែរត្រឡប់ពីប្រទេថៃចូលមកម្ពុជាវិញ ដែលបានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ពេញលេញមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ តែត្រូវធ្វើតេស្តរហ័ស។ ចំពោះពលករណា ដែលទទួលបានលទ្ធផលអវិជ្ជមាន រថយន្តក្រសួងការពារជាតិនឹងដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ពួកគេតែម្តង។ ការលើកទ្បើងបែបនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លោកប្រធានមន្ទីសុខាភិបាល បានបញ្ជាក់ថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយពលករខ្មែរដែលរកឃើញវិជ្ជមានកូវីដ១៩ ដោយតេស្តរហ័សត្រូវបានបញ្ជូន ទៅព្យាបាលនៅមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណ។

នាឱកាសនេះ លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលពលករខ្មែរចំនួន៣០១នាក់ ស្រី១៤៦នាក់ កុមារ៣៨នាក់ស្រី២២នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដមានចំនួន១១នាក់៕

website_news/2021161103.txt · Last modified: 2021/11/16 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki