website_news:2021161204

កម្ពុជាគ្រោងបញ្ជូនពលករMOUប្រមាណជាង១ម៉ឺននាក់ទៅធ្វើការនៅថៃដើមឆ្នាំ២០២២

https://www.kampucheathmey.com/ ថ្ងៃពុធ ១៥ ធ្នូ ២០២១ដោយ Sokhom Khon

កម្ពុជាគ្រោងនឹងបញ្ជូនពលករ MOU ប្រមាណជាង១ម៉ឺននាក់ ទៅធ្វើការលើវិស័យសំណង់ ផ្នែកចំណីអាហារ និងគ្រឿងសមុទ្រនៅដើមឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះថា បច្ចុប្បន្ននេះកម្ពុជានៅមិនទាន់អាចបញ្ជូនពលករMOUទៅធ្វើការនៅប្រទេសថៃនៅឡើយទេដោយសារយើងត្រូវការរៀបចំឯកសារឡើងវិញសារជាថ្មីទៅតាមនីតិវិធីតម្រូវការជាក់ស្តែងរបស់ប្រទេសថៃ។ លោកបានបន្តថា រដ្ឋាភិបាលថៃបានតម្រូវឱ្យនិយោជកថៃត្រូវទិញប័ណ្ណធានារ៉ាប់រង សម្រាប់ទុកចំណាយទៅលើការព្យាបាលពេលដែលពលករខ្មែរមានឆ្លងជំងឺកូវីដ១៩ ព្រោះថារាល់ការព្យាបាលជាបន្ទុករបស់និយោជកទាំងស្រុង។ លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករខ្មែរដែលចាក់វ៉ាក់សាំង២ដូសរួចហើយ ត្រូវធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃ ហើយពលករដែលអត់ទាន់បានចាក់វ៉ាក់សាំងទេត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា តាមផែនការយើងអាចបញ្ជូនពលករ MOU ទៅធ្វើការនៅប្រទេសថៃប្រមាណពី២ទៅ៣ពាន់នាក់នាពាក់កណ្តាលឬចុងខែមករាឆ្នាំ២០២២ហើយនៅខែកុម្ភៈឬខែមីនាអាចបញ្ជួនកើនឡើងជាង១ម៉ឺននាក់។ លោក បានបញ្ជាក់ថា «ជាធម្មតាការបញ្ជួនពលករខ្មែរទៅថៃមិនមានការប្រែប្រួលអ្វីទេពីមុនក្នុង១ខែបញ្ជូនពី១ម៉ឺនទៅ១ម៉ឺន៥ពាន់នាក់ ព្រោះថាជាទូទៅនិយោជកដែលប្រើពលករខ្មែរគឺនៅតែប្រើដដែលមិនមានការផ្លាស់ប្តូរទេឱ្យទៅបញ្ចុះបញ្ចូលគាត់ប្រើពលករឡាវ ឬភូមាគាត់មិនប្រើទេគឺគាត់ប្រើខ្មែរគឺខ្មែរហើយបើរោងចក្រដែលប្រើពលករភូមាឬឡាវក៏ដូចគ្នាដែរ។ វាដូចជាទំលាប់គាត់ដោយសារគាត់មានភាពស្និតស្នាលដឹងចិត្តគ្នាការរស់នៅជាមួយពលករខ្មែរហើយពលករក៏ដឹងចិត្តនិយោជកធ្វើឱ្យដំណើរការការងារមានភាពរលូន»។

គួរបញ្ជាក់ថា ប្រទេសថៃគ្រោងបើកច្រកព្រំដែនឡើងវិញដើម្បីទទួលពលករមកពីប្រទេសជិតខាងនានា គឺកម្ពុជា មីយ៉ានម៉ា និងឡាវក្នុងគោលបំណងបន្ធូរបន្ថយភាពខ្វះខាតកម្លាំងពលកម្មដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន។ បើតាមការប៉ាន់ស្មានបច្ចុប្បន្ននេះប្រទេសថៃត្រូវការពលរបរទេសចំនួន៤២០.០០នាក់ដែលភាគច្រើនក្នុងការងារសំណង់ រោងចក្រនិងឧស្សាហកម្មអាហារសមុទ្រ៕ អត្ថបទ៖ សំអឿន

website_news/2021161204.txt · Last modified: 2021/12/16 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki