website_news:2021170202

រដ្ឋមន្ត្រីសុខាភិបាល បានអំពាវនាវពលករធ្វើការនៅប្រទេសថៃ កុំទាន់សម្រុកមកស្រុក ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងកូវីដ-១៩ចូលសហគមន៍

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១

បាត់ដំបង ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាព និងផ្សព្វផ្សាយពីបញ្ហាកូវីដ-១៩ ដល់ពលករកំពុងធ្វើចត្តាឡីស័ក តាមបណ្ដាខេត្ត ជាប់ព្រំដែនភាគពាយ័ព្យនៃប្រទសកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលធ្វើការនៅប្រទេសថៃ សូមកុំទាន់អាលវិល មកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ឯកឧត្តមបញ្ជាក់ថា បងប្អូនពលករគួរតែនៅបន្តធ្វើការនៅទីនោះសិន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ពលរដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុកយើងឲ្យអស់ លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំនូវការងារនិងបង្រៀនជំនាញខ្លីៗ ដល់ពលករ ដែលបាន បាត់បង់ការងារធ្វើផងដែរ។

ឯកឧត្តម បានបន្តថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួន កុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសមួយនេះ កំពុងឆ្លងខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយចំនួន នៃជំងឺកូវីដ-១៩ ហើយសម្រាប់អ្នកចង់មកលេង ស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់ចង់លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យប៉ុណ្ណោះទេ គួរតែកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹុង នូវពួកមេខ្យល់ ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេះពីការធ្វើចត្តាឡីស័ក ដោយឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅសល់តិចតួច និងកំពុងគ្រប់គ្រងបាន ។ ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តសាមុតសាខនប្រទេសថៃ មានពលករឆ្លងដែនតាមច្រក នានាជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត ៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនពីថៃ មានជាង ៣០០នាក់ ៕

website_news/2021170202.txt · Last modified: 2021/02/17 13:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki