website_news:2021170206

អភិបាលខេត្តបាត់ដំបង ព្រមានអ្នករត់តាក់ស៊ី កុំឲ្យលួចដឹក ពលករគេចវេះ ធ្វើចត្តាឡីស័ក

https://dap-news.com/ ByPH104 Posted on February 16, 2021

ភ្នំពេញ ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានព្រមានដល់ ក្រុមអ្នករត់តាក់ស៊ី ទាំងអស់កុំលួចលាក់ ដឹកពលករគេចវេះ ពីមណ្ឌលចត្តាឡីស័ក ហើយប្រសិនរកឃើញ នឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយមិនលើកលែងទ្បើយ ។ នេះបើតាមការចុះផ្សាយ របស់រដ្ឋបាលខេត្ត។ លោក ងួន រតនៈបានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាក្រុមអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកបន្តថា ប្រសិនបើសមត្ថកិច្ចឃើញក្រុមអ្នករត់តាក់ស៊ី លួចដឹកពលករមិនឲ្យធ្វើចត្តាឡីស័ក នឹងត្រូវផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់។ អភិបាលបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេះមណ្ឌលចត្តាឡីស័ក គឺជាហនិភ័យខ្ពស់មួយប្រសិនបើពលករនោះមានផ្ទុះជំងឺកូវីដ១៩ នឹងមានការរីករាលដល់បងប្អូនក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះ ក្នុងសហគមន៍ណាមួយជាមិនខាន។ ទន្ទឹងនឹងនេះដែរលោក ងួន រតនៈ បានសង្កត់ធ្ងន់ៗថា បើសមត្ថកិច្ចណាម្នាក់ ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេះពីមណ្ឌលចត្តាឡីស័ក ដោយមនោសញ្ចេតនាក្តី ឬដោយការសូកប៉ាន់ក្តី នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា ៕

website_news/2021170206.txt · Last modified: 2021/02/17 13:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki