website_news:2021170208

អភិបាលខេត្តឧត្ដរមានជ័យ ៖ អាជ្ញាធរត្រូវតែធានាឱ្យបានថា ពលករមកពីថៃ ត្រូវបានធ្វើចត្តាឡីស័ក

http://btv.com.kh/ 16/02/2021

ឧត្ដរមានជ័យ ៖ អភិបាលខេត្តឧត្ដរមានជ័យ បានដាក់បទបញ្ជាដល់អាជ្ញាធរខេត្ត ឱ្យពង្រឹងការត្រួតពិនិត្យ ដើម្បីធានាបានថា ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃទាំងអស់ ឆ្លងកាត់ច្រកព្រំដែនខេត្តនេះ គឺត្រូវបាន ដាក់ឱ្យធ្វើចត្តាឡីស័ក តាមកាលកំណត់។ អភិបាលខេត្តឧត្ដរមានជ័យឯកឧត្តម ប៉ែន កុសល្យ នៅថ្ងៃនេះ បានជំរុញឱ្យអាជ្ញាធរមានសមត្ថ កិច្ចពាក់ព័ន្ធទាំងអស់ ដែលឈរជើងតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវតែអនុវត្តការងារឱ្យបានហ្មត់ចត់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ–១៩ តាមរយៈ ពលករ ដែលមកពីប្រទេសថៃ ដោយធានាថា អ្នកទាំងឡាយដែលទើបមកពីប្រទេសនេះ ដែលកំពុងតែរង នូវការឆ្លងរាតត្បាតនៃមេរោគកូវីដ–១៩ ក្នុងសហគមន៍នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក គ្រប់ចំនួនថ្ងៃកំណត់។

ឯកឧត្ដម បានអំពាវនាវដល់មន្ត្រីទាំងអស់ កុំមានការពាក់ព័ន្ធនឹងការជួយសម្រួលឱ្យពលរដ្ឋមកពី ថៃ ពិសេស ត្រូវវែកមុខមេខ្យល់ ដែលតែងតែអូសទាញពលករលបលួចឆ្លងដែនខុសច្បាប់ឲ្យបាន ដើម្បី យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ននេះ កូវីដ–១៩ បាននឹងកំពុងរីករាលដាលក្នុងប្រទេសថៃ ដែល ជាប្រទេសជាប់ព្រំដែនជាមួយកម្ពុជា ហើយថ្មីៗនេះដែរ មានការរកឃើញថា ពលករមកពីប្រទេសថៃ មាន វិជ្ជមានកូវីដ–១៩ ដែលជាកត្តាមួយធ្វើឱ្យខេត្តជាប់ព្រំដែនមានការព្រួយបារម្ភ៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021170208.txt · Last modified: 2021/02/17 13:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki