website_news:2021170209

សង្គមស៊ីវិលថា ចំណាត់ការលើអធិការប៉ូលិសម្នាក់នៅខេត្តបាត់ដំបងមិនអាចទប់ស្កាត់ មេខ្យល់បានទេ

https://www.rfa.org/ ដោយ មួង ណារ៉េត 2021-02-16

មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកវិធានការរបស់លោកហ៊ុន សែន នេះ ថាជាការធ្វើឱ្យល្អមើលច្រើនជាងការយកចិត្តទុកដាក់ដល់សង្គមជាតិ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសនិងទាហានប្រចាំការនៅតំបន់ព្រំដែនជាប់ប្រទេសថៃភាគច្រើនប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់។ លោកបញ្ជាក់ថា បញ្ហានេះកើតមានជាច្រើនឆ្នាំមកហើយ ហើយពុំមានអាជ្ញាធរណាចាត់វិធានការបាននោះដែរ។ លោកថា ប្រសិនបើកងកម្លាំងទាំងនោះ អនុវត្តច្បាប់បានត្រឹមត្រូវ នោះក្រុមមេខ្យល់នឹងមិនអាចលួចនាំពលករឆ្លងដែនបានឡើយ៖ «អ៊‍ីចឹងទេ យើងគួរតែមើលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ និងក្រុមជនពុករលួយទាំងអស់ហ្នឹង។ ព្រោះអីវាមានមេមានកើយមិនមែនមានតែម្នាក់ហ្នឹងទេ គេមានបណ្ដាញរបស់គេ។ រដ្ឋាភិបាលលោកដឹងហើយគ្រាន់តែថា ការចាត់វិធានការណ៍ហ្នឹងច្រើនតែប៉ះសាច់ឯង បើសាច់ស្អុយហើយគួរតែកាត់បោះចោលឱ្យអស់ទៅកុំឱ្យវាកើតមហារីកបន្តទៀត។ វាបំផ្លាញសង្គមជាតិច្រើន បំផ្លាញផលប្រយោជន៍ និងអាយុជីវិតរបស់ប្រជាពលរដ្ឋច្រើនមែនទែនពាក់ព័ន្ធអំពើពុករលួយដែលបណ្ដោយឱ្យពលករចេញខុសច្បាប់ហ្នឹង»។

ស្រដៀងគ្នានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បាត់ដំបង លោក យិន ម៉េងលី យល់ថា ការដកតំណែងអធិការនគរបាលស្រុកកំរៀងលោក គឹម ពន្លក មិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះរឿងនេះ អាចមានមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ទើបបណ្ដាលឱ្យពលករអាចលួចឆ្លងដែនចេញ និងចូលកម្ពុជាបាន។ បន្ថែមពីនេះ រដ្ឋាភិបាលគួរតែចាត់វិធានការលើមន្ត្រីខិលខូចទាំងនោះឱ្យបានធ្ងន់ធ្ងរតាមច្បាប់ បន្ទាប់ពីដកស័ក្តិពួកគាត់ ដើម្បីកុំឱ្យមន្ត្រីព្រំដែនបណ្ដែតបណ្ដោយឱ្យពលករលួចឆ្លងដែនតាមអំពើចិត្តទៀត៖ «មេខ្យល់គឺជាមនុស្សម្នាក់ ឬជាមនុស្សមួយក្រុមដែលគេស្គាល់ច្រករបៀងច្បាស់លាស់ ហើយច្រករបៀងបើតាមខ្ញុំដឹងគឺមានកម្លាំងនគរបាល និងទាហានព្រំដែនប្រចាំការ។ អីចឹងកាលណាឆ្លងកាត់ច្រករបៀងត្រូវឆ្លងកាត់មន្ត្រីទាំងអស់ហ្នឹង។ អីចឹងបានយើងចង់ឱ្យមានការរឹតបន្តឹងទៅលើមន្ត្រីទាំងអស់ហ្នឹងថែមទៀត ដើម្បីធានាថាមិនមាននរណាម្នាក់ដែលឆ្លងកាត់ច្រករបៀងបានដោយមិនមានការធ្វើចត្តាឡឺស័កនោះ»។

ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែងអធិការនគរបាលស្រុកកំរៀងលោក គឹម ពន្លក បន្ទាប់ពីអាជ្ញាធរបានរកឃើញថា លោកបានដោះលែងមេខ្យល់ជាច្រើននាក់ ដែលលួចនាំពលករឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃលើកទី២។ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែកុម្ភៈ លោក គឹម ពន្លក វ័យ ៤៦ឆ្នាំរូបនេះត្រូវបានបង្គាប់ឲ្យនាំយកទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះពីបទនាំពលករឆ្លងដែនមិនស្របច្បាប់។ មួយថ្ងៃក្រោយការដកតំណែងមេប៉ូលិសស័ក្តិ៥រូបនេះ អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសថៃ ដូចជានៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យជាដើម បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ យាមការពារយ៉ាងតឹងតែងនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនទៅលេងស្រុកកំណើតដោយមិនបានធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ។

ចាប់តាំងពីចុងឆ្នាំ២០២០ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករខ្មែរជាង ៣ម៉ឺន ៥ពាន់នាក់ហើយ (៣៥,៦៦៥) ដែលបានត្រឡប់មកពីធ្វើការនៅថៃ ដោយសារការរាតត្បាតជំងឺកូវីដ១៩លើកទី២ នៅក្នុងប្រទេសនោះ ហើយពួកគាត់ពុំមានការងារធ្វើដូចមុន។ ក្នុងនោះក្រសួងសុខាភិបាលរកឃើញពលករខ្មែរចំនួន ៨៩នាក់ បានឆ្លងជំងឺកូវីដ-១៩ ពេលត្រឡប់ពីប្រទេសថៃមកវិញ។ ពលករខ្មែរជិត ១៦០នាក់ទៀត ត្រូវបានក្រសួងសុខាភិបាល ថៃរកឃើញថា មានផ្ទុកជំងឺនេះនៅប្រទេសថៃ កាលពីខែមករា។ ពលករខ្មែរនៅក្នុងប្រទេសថៃភាគច្រើន ជាពិសេសអ្នកធ្វើការខុសច្បាប់កំពុងជួបវិបត្តិទ្វេដង ពោលគឺនៅក្នុងប្រទេសថៃក៏អត់ការងារធ្វើ ដោយសារការរាតត្បាតនៃជំងឺ កូវីដ ត្រឡប់មកកម្ពុជាវិញក៏មានបញ្ហា។ មន្ត្រីសង្គមស៊ីវិលឱ្យដឹងថា ការលួចឆ្លងដែនអំឡុងពេលនេះ ជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ច្រើនជាងពេលមុនៗ ដូចជាប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួន ដើរជាន់គ្រាប់មីនផ្ទុះស្លាប់ និងជំងឺកូវីដចម្លងចូលក្នុងសហគមន៍ជាដើម ប្រសិនបើពួកគាត់មិនបានធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ មុននឹងត្រឡប់ទៅស្រុកកំណើតនោះ៕

website_news/2021170209.txt · Last modified: 2021/02/17 13:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki