website_news:2021170213

ពលករខ្មែរជាង ២០ ម៉ឺននាក់ ទទួលភាពស្របច្បាប់ពីរដ្ឋាភិបាលថៃ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 16 February 2021 | 10:14 ICT

ភ្នំពេញៈ មានពលករខ្មែរជាង ២០ ម៉ឺននាក់ បានទទួលភាពស្របច្បាប់ពីរដ្ឋាភិបាលថៃនៅក្នុងអំឡុងពេលដែលប្រទេសថៃបានផ្តល់ពេល ១ ខែ ឱ្យពលករដែលរស់នៅ និងធ្វើការខុសច្បាប់អាចបំពេញភាពស្របច្បាប់វិញ។ចាប់ពីថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ពលករចំណាកស្រុកបរទេសខុសច្បាប់ទាំង ៣ សញ្ជាតិ មានកម្ពុជា ឡាវ និងភូមា ត្រូវបានអាជ្ញាធរថៃអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំធ្វើការងារ និងស្នាក់នៅស្របច្បាប់ក្នុងប្រទេសថៃរយៈពេល ២ ឆ្នាំ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ចាប់ពីថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ពលករបរទេសដែលបានចុះឈ្មោះជាមួយក្រសួងការងារថៃមានចំនួន ៦៥៤ ៨៦៤ នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន ២០៣ ៦៧០ នាក់។ លោកបន្តថា៖ «ពលករបរទេសទាំង ៣ ប្រទេសត្រូវបានចែកចេញជាពលករមាននិយោជកចំនួន ៥៩៦ ៥០២ នាក់ ក្នុងនោះពលករកម្ពុជាមានចំនួន ១៨០ ៤៧៦ នាក់ ហើយពលករមិនមាននិយោជកចំនួន ៥៨ ៣៦២ នាក់ ក្នុងនោះពលករកម្ពុជាមានចំនួន ២៣ ២០៣ នាក់»។ យ៉ាងណាក្តី លោក ហេង សួរ បានអះអាងថា ក្នុងករណីដែលផុតការអនុគ្រោះនេះ ហើយរដ្ឋាភិបាលថៃចាប់ផ្តើមអនុវត្តវិធានការតឹងរ៉ឹងលើពលករខុសច្បាប់ នោះគឺជាសិទ្ធិរបស់រដ្ឋាភិបាលនៃប្រទេសមួយនេះ ខណៈរដ្ឋាភិបាលកម្ពុជា បានខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយពលករខ្មែរទាំងនោះ។ លោកបញ្ជាក់ថា៖ «តម្លៃធ្វើបណ្ណនេះចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ) យើងបានរួមគ្នាជាមួយប្រទេស ២ ទៀតស្នើសុំឱ្យរដ្ឋាភិបាលថៃ ពិចារណាបន្ធូរបន្ថយកម្រៃសេវានេះ ហើយសេវានេះមិនមែនបង់ដោយបងប្អូនពលករទាំងស្រុងទេ គឺមានកាតព្វកិច្ចរបស់និយោជកខ្លះផងដែរ»។

កញ្ញា បូ រ៉ាន ជាពលករដែលបានបន្តភាពស្របច្បាប់នៅប្រទេសថៃ ក្នុងអំឡុងខែមករាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា សម្រាប់ពលករដែលកំពុងធ្វើការស្របច្បាប់នៅប្រទេសថៃ គឺមិនសូវជាជួបបញ្ហាប្រឈមប៉ុន្មាននោះទេ បើពួកគេបាននិយោជកដែលគិតគូរពីសុខទុក្ខកម្មករ។ ប៉ុន្តែកញ្ញា មើលឃើញថាសម្រាប់ពលករដែលរស់នៅ និងធ្វើការខុសច្បាប់វិញ គឺពួកគាត់មានបញ្ហាប្រឈមជាច្រើន ហើយការទទួលបានភាពស្របច្បាប់ពីរដ្ឋាភិបាលថៃនេះក៏មានការលំបាកផងដែរ ជាពិសេសបញ្ហាជីវភាព។ កញ្ញា បន្តថា៖ «បើសិនជាវិធានការនៅថៃ គេបន្តរឹតបន្តឹងគឺអាចប៉ះពាល់ដល់ពលករខ្មែរដែលគាត់មកដោយមិនស្របច្បាប់។ ទី១ ចំណាយលើលិខិតឆ្លងដែន ហើយពួកយើងក៏មិនមានប្រាក់ច្រើននោះដែរ បើសិនជាអាចចង់ឱ្យរដ្ឋាភិបាលខ្មែរ និងថៃសម្រួលនូវនីតិវិធីឱ្យបានល្អ ដើម្បីឱ្យពលករចូលមកធ្វើការក្នុងប្រទេសនេះស្របច្បាប់។ ១ ទៀតសុំយកតម្លៃសេវាអ្វីក៏ដោយឱ្យទាបបន្តិចទៅ»។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការ Central បានលើកឡើងថា មានពលករខ្មែរចំនួនតិចតួចដែលទទួលបានភាពស្របច្បាប់ តាមរយៈការផ្តល់ឱ្យដោយរដ្ឋាភិបាលថៃ ខណៈមានពលរដ្ឋខ្មែរជាច្រើនមិនបានទទួលឱកាសនេះ ព្រោះតែគ្មានថវិកា និងលក្ខខណ្ឌផ្សេងៗ។ លោកបារម្ភថា នៅពេលដែលរដ្ឋាភិបាលបិទបញ្ចប់គោលនយោបាយនេះ ហើយចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់នោះ មានពលរដ្ឋខ្មែរច្រើនណាស់នឹងជួបបញ្ហាប្រឈម។ លោកបន្តថា៖ «រយៈពេល ១ ខែ ដែលផ្តល់បណ្ណស៊ីជម្ពូ (ភាពស្របច្បាប់) នេះដល់ពលករគឺមិនគ្រប់គ្រាន់សម្រាប់ពួកគាត់ទេ ព្រោះអ្នកខ្លះមានបញ្ហាប្រឈមអត់មានការងារធ្វើ អត់មានលុយគ្រប់គ្រាន់ក្នុងការចំណាយទៅលើការចុះបញ្ជីចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ។ អ៊ីចឹងនេះហើយដែលជាភាពអយុត្តិធម៌សម្រាប់ពលករ»។ លោក ឌី ថេហូយ៉ា រំពឹងថា រដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលថៃ គួរតែមានការចរចាក្នុងការផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលបន្ថែមទៀតដល់ពលករខ្មែរ ដើម្បីឱ្យពួកគាត់អាចទទួលបានសិទ្ធិធ្វើការស្របច្បាប់ក្នុងប្រទេសថៃ អំឡុងពេលប្រឈមនឹងវិបត្តិកូវីដ ១៩៕

website_news/2021170213.txt · Last modified: 2021/02/17 13:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki