website_news:2021170214

រដ្ឋាភិបាលថៃ ព្រមានចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹង ចំពោះពលករបរទេសខុសច្បាប់

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2021-02-16

ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ កាន់តែព្រួយបារម្ភពីការចាប់ខ្លួនបញ្ជូនទៅស្រុកខ្មែរវិញ បន្ទាប់ពីរដ្ឋាភិបាលថៃ ព្រមានចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹងលើពលករបរទេស ដែលធ្វើការងារខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន។ មន្ត្រីសង្គមស៊ីវិល យល់ថា អយុត្តិធម៌សម្រាប់ពលករ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ព្យាយាមប្រើប្រាស់តួនាទីដោះស្រាយបញ្ហាប្រឈមនេះ។

ក្រសួងការងារថៃ ប្រកាសថា មានកម្មករជាង៦៥ម៉ឺននាក់( ៦៥៤.៨៦៤) មកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (Myanmar) ឬភូមា បានដាក់ពាក្យសុំស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់រយៈពេល ២ឆ្នាំ ក្រោមកម្មវិធីលើកលែងទោសការងាររបស់រដ្ឋាភិបាលថៃ ។ ការសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី១៥ កុម្ភៈ ដោយស្រង់សម្ដីរបស់ រដ្ឋមន្ត្រីការងារថៃ លោក ស៊ូឆាត ឆុំក្លីន (Suchart Chomklin) ថា “កម្មវិធីចុះឈ្មោះ ដើម្បីស្នាក់នៅ និងធ្វើការស្របច្បាប់ក្នុងប្រទេសថៃ ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ ដូច្នេះអាជ្ញាធរថៃ នឹងចាប់ផ្ដើមចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹង ចំពោះពលករចំណាកស្រុកខុសច្បាប់ ដែលមិនបានចុះឈ្មោះជាមួយអាជ្ញាធរថៃ និងនិយោជិករបស់ពួកគេ។ លោកបន្តថា អាជ្ញាធរថៃនឹងបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមវិញ និងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងសហគ្រាស ដែលបានជួលពួកគេ”។

ពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់នៅថៃម្នាក់ គឺលោកស្រី ឆុង នាថ ប្រាប់អាស៊ីសេរីថា ជីវភាពរបស់គ្រួសារលោកស្រីរាល់ថ្ងៃដុនដាបខ្លាំង ព្រោះដើរស៊ីឈ្នួលបោះខោអាវ រើសគ្រឿងសមុទ្រឱ្យគេបានប្រាក់កម្រៃមួយថ្ងៃរស់បានតែមួយថ្ងៃ។ អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះ លោកស្រី ត្រូវរ៉ាប់រងចិញ្ចឹមកូនប្រាំនាក់នៅក្នុងបន្ទុក ខណៈមានការងារធ្វើបន្តិចបន្តួច ដោយសារជំងឺកូវីត១៩ អូសបន្លាយពេល។ អ្នកស្រីប្រាប់ថា ពុំលទ្ធភាពទៅចុះឈ្មោះធ្វើប័ណ្ណការងាររបស់រដ្ឋាភិបាលថៃនោះទេ ព្រោះប័ណ្ណនោះមានតម្លៃថ្លៃហួស ពីសមត្ថភាពជីវភាពគ្រួសារ។ អ្នកស្រីមានបំណងចង់ត្រឡប់ទៅស្រុកខ្មែរវិញ ប៉ុន្តែច្រកនៅតាមព្រំដែនត្រូវបានបិទ៖ «ខ្ញុំមានអារម្មណ៍ថាភ័យ ភ័យដូចតែគ្នា ប៉ុន្តែបើគេចាប់ក៏គិតតាមច្បាប់ ទោះខ្ញុំចង់ទៅផ្ទះ ក៏ខ្ញុំអត់មានលុយទៅផ្ទះដែរ ចេះតែនៅហ្នឹងចិញ្ចឹមកូន ធ្វើការ គេជួលអ៊ីចេះធ្វើទៅ ខ្ញុំធ្វើម៉េចឱ្យតែគេជួលទៅខ្ញុំធ្វើ»។

ស្រដៀងគ្នានេះដែរ ពលការិនីម្នាក់ទៀត លោកស្រី ម៉ៅ សុភាព ប្រាប់អាស៊ីសេរីថា រយៈពេលជាង ៤ឆ្នាំហើយ ដែលលោកស្រី លួចធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។ អ្នកស្រី បន្តរៀបរាប់ថា រាល់ថ្ងៃលោកស្រីធ្លាក់ខ្លួនឈឺ គ្មានប្រាក់ព្យាបាលជំងឺប្រចាំកាយឡើយ។ ស្ត្រីវ័យ ៣៦ឆ្នាំរូបនេះថា ការធ្វើប័ណ្ណការងាររបស់រដ្ឋាភិបាលថៃមានតម្លៃថ្លៃពេក ដែលលោកស្រីគ្មានលទ្ធភាពចំណាយនោះទេ ហេតុនេះហើយ អ្នកស្រីសុខចិត្តរស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ទោះបីប្រឈមការគំរាមកំហែង ឬចាប់ខ្លួនបញ្ជូនត្រឡប់ទៅខ្មែរវិញក៏ដោយ។ ពលការិនីរូបនេះ អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលថៃជួយបញ្ចុះតម្លៃប័ណ្ណការងារ ដើម្បីមានសិទ្ធិធ្វើការស្របច្បាប់ក្នុងប្រទេសនេះ៖ «អំពាវនាវឱ្យគាត់មកសម្របសម្រួល ឱ្យចុះថ្លៃតិចទៅកុំឱ្យយកថ្លៃពេក ពួកខ្ញុំអត់មានលទ្ធភាពទេ ព្រោះថា មកស៊ីឈ្នួលគេបានតែទិញហូប បើធ្លាក់ខ្លួនឈឺទៀត ឥឡូវកំពុងឈឺ ពិបាកខ្ចីថៅកែ ជំពាក់ថៅកែទៀត»។

ក្រសួងការងារថៃ បានបើកឱ្យពលករបរទេសចុះឈ្មោះធ្វើប័ណ្ណស្នាក់នៅ និងធ្វើការស្របច្បាប់ក្នុងប្រទេសថៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ។ ដំណើរការនៃការចុះឈ្មោះនេះ អាជ្ញាធរថៃ តម្រូវឲ្យពលករបង់ប្រាក់ប្រមាណ ៩ពាន់បាត (៩.០០០) ស្មើនឹងប្រមាណ ៣រយដុល្លារអាមេរិក (៣០០)។ អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីទទួលបន្ទុកការងារស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំការឆ្លើយតបរឿងនេះបាននៅឡើយទេ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។

មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារលោក ឌី ថេហូយ៉ា យល់ថា ប្រសិនបើរដ្ឋាភិបាលថៃចាត់វិធានការផ្លូវច្បាប់ ចំពោះពលករធ្វើការខុសច្បាប់នេះរឿងអយុត្តិធម៌សម្រាប់ពលករខ្មែររងគ្រោះ។ លោកបន្តថា ពលករមានបំណងចង់ទៅបំពេញផ្លូវច្បាប់ ប៉ុន្តែពួកគាត់ពុំមានលទ្ធភាព ដោយសាររងគ្រោះពីវិបត្តិជំងឺកូវីត១៩ បង់ការងារធ្វើ គ្មានប្រាក់ចំណូល និងត្រូវបំពេញផ្លូវច្បាប់ស្មុគស្មាញ។ មន្ត្រីសង្គមស៊ីវិលរូបនេះថា រដ្ឋាភិបាលកម្ពុជាគួរនិយាយជាមួយរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយចំណុចប្រឈមទាំងអស់នេះ៖ «ទាំងប្រទេសបញ្ជូន មានន័យថា ប្រទេសកម្ពុជា និងប្រទេសគោលដៅហ្នឹង ដល់ពេលគាត់រងគ្រោះ បែរជាដាក់បន្ទុកបន្ថែមទៅលើទាំងអស់ហ្នឹង ខ្ញុំគិតថា ទង្វើអសីលធម៌ អយុត្តិធម៌ណាស់សម្រាប់គាត់ អ្វីដែលយើងពិចារណាមើល តថភាពជាក់ស្ដែង ដែលកំពុងកើតឡើងចំពោះគាត់»។

ក្រសួងការងារថៃបង្ហាញរបាយការណ៍ថា ក្នុងចំណោម ពលករជាង ៦៥ម៉ឺននាក់ ដែលបានចុះឈ្មោះ ដើម្បីស្នាក់ និងធ្វើការងារស្របច្បាប់នោះ មានពលករខ្មែរជាង ២០ម៉ឺននាក់ (២០៣.៦៦៩)។ ទោះជាយ៉ាងណាក្ដី មន្ត្រីសិទ្ធិការងារលោក ឌី ថេហូយ៉ា ធ្លាប់បញ្ជាក់ថា ពលករខ្មែរធ្វើការងារនៅប្រទេសថៃមានជាង ១លាន ៨សែននាក់ ក្នុងនោះពលករធ្វើការខុសច្បាប់មានជាង ៤សែន (៤០០.០០០) នាក់។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជឿថា ពលករខ្មែរជាង ២សែននាក់ កំពុងក្លាយទៅ ជាពលករខុសច្បាប់ ហើយអាជ្ញាធរថៃ អាចនឹងចាប់បញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ឬចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនបានជួយអន្តរាគមន៍ជាមួយរដ្ឋាភិបាលថៃ ទាន់ពេលវេលាទេនោះ៕

website_news/2021170214.txt · Last modified: 2021/02/17 13:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki