website_news:2021170301

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំឱ្យបិទច្រកទ្វារព្រំដែនមិនឲ្យពលរដ្ឋខ្មែរ ចេញក្រៅប្រទេស និងត្រៀមទទួលពលរដ្ឋត្រឡប់មកវិញ

https://dap-news.com/national/ BySS107 Posted on March 15, 2021

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំកម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែនត្រូវសហការជាមួយអាជ្ញាធរ ដើម្បីបិទច្រកទ្វារមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយ អគ្គស្នងការនគរបាលជាតិ។

ក្នុងកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្ត តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «ចំពោះបណ្តាខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន បិទច្រកទ្វារទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋដែលត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល»។

នាយឧត្តមសេនីយ៍ បន្ដថា ដោយឡែក ជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់គឺ ទី១-បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, ទី២-បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងទី៣-ត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចំពោះខាងផ្ទៃក្នុងប្រទេសវិញ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងថា ទី១-បើមានជនសង្ស័យ ត្រូវឃុំគ្រង និងរាយការណ៍ សហការជាមួយសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវជាបន្ទាន់រកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល និងទី២-បើនៅតាមអង្គភាពមានសញ្ញាសង្ស័យ ត្រូវឃុំគ្រងគោលដៅ ឬអង្គភាពនោះ ដោយចាត់វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក ឬធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង៕

website_news/2021170301.txt · Last modified: 2021/03/17 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki