website_news:2021170302

កូរ៉េផ្តល់កូតាដល់ពលករកម្ពុជាជាង៣ពាន់នាក់សម្រាប់ឆមាសទី១

https://www.kampucheathmey.com/ on March 15, 2021By Kang Tola

ភ្នំពេញ ៖ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េបានផ្តល់កូតាដល់ពលករកម្ពុជាសម្រាប់ឆមាសទី១ ឆ្នាំ២០២១ចំនួន ៣,៤០៤នាក់ ទៅលើវិស័យឧស្សាហកម្ម ហើយបានសន្យាថា នឹងបន្តផ្តល់កូតាបន្ថែមទៀតនៅឆមាសទី២ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាល។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ២០២១ទៅលើវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ ក្រសួងបានបន្តថា ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ២០២១ មានចំនួនសរុប ២២,៦៩៧ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២៦១នាក់; វិស័យកសិកម្ម&ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨នាក់ និង វិស័យសំណង់ ចំនួន ៦៥៨នាក់។

ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមថា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង។ ក្នុងចំណោមពលករបរទេសធ្វើការនៅកូរ៉េខាងត្បូងចំនួន១៦ប្រទេស ពលករខ្មែរត្រូវបាននិយោជកកូរ៉េមានការកោតសរសើរថា មានចរិតស្លូតបូត រួសរាយរាក់ទាក់ឧស្សាហ៍ព្យាយាមក្នុងបំពេញការងារដែលធ្វើឲ្យនិយោជកកូរ៉េទទួលយកពលករខ្មែរជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៤ម៉ឺន៥ពាន់នាក់ដោយធ្វើការទៅលើវិស័យឧស្សាហកម្ម កសិកម្មនិងសំណង់ដែលបានជួយលើកស្ទួយដល់ជីវភាពគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរផងដែរ៕ ដោយ ៖ សំអឿន

website_news/2021170302.txt · Last modified: 2021/03/17 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki