website_news:2021170303

អភិបាលខេត្ត ៖ ពលករជាង១ពាន់នាក់ត្រូវបានបញ្ជូនទៅ កាន់រាជធានីខេត្តផ្សេង

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 16/03/2021

ខេត្តបាត់ដំបង ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា គិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជួនពលករជាង ១,០០០នាក់ ទៅរាជធានី-ខេត្តផ្សេងៗ ។ ទន្ទឹមនោះក៏មានពលករជាង ២,០០០នាក់ ដែលមានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង ត្រូវបានបញ្ជូនពីបណ្ដាខេត្តជាប់ព្រំដែន ខណៈបច្ចុប្បន្នមានពលករ កំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន ២,៣១៥នាក់។ ផ្តើមពីនោះលោកអភិបាលខេត្តក៏បានស្នើឲ្យរដ្ឋបាលស្រុក ចំនួន២ថ្មគោល និងស្រុកបវេលត្រូវរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃផងដែរ។ ការថ្លែងបែបនោះរបស់លោកអភិបាលខេត្តធ្វើឡើងក្នុងឱកាសចុះពិនិត្យស្ថានភាពទូទៅ និងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកមួយចំនួននៅរសៀលម្សិលមិញ លោកបន្តថា ការស្នើឲ្យស្រុកទាំងពីរខាងលើរៀបចំ មណ្ឌលចត្តាឡិស័កបន្ថែមទៀតនេះដោយសង្កេតឃើញថាចំនួនពលករច្រើនមកពីប្រទេសថៃមានចំនួនច្រើន។

ដូចនេះស្រុកទាំងពីរខាងលើត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពី ប្រទេសថៃវិញ។ លោក ងួន រតនៈ បានបញ្ជាក់បន្ថែមថា ការរៀបចំមណ្ឌលចត្តាឡីស័ក ក៏ត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ក៏ដូចជាកន្លែងងូតទឹក ភ្លើងអគ្គីសនី និងផ្ដល់របបអាហារឲ្យបានគ្រប់គ្នា រួមទាំងត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករ និងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ស្តីពីកូវីដ១៩ និងអនុក្រឹតរបស់រាជរដ្ឋាភិបាល។ លោកថា ស្រុកជាប់ជាយដែន រួមមានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ចាប់ផ្ដើមមានសភាពធូរស្រាល ប៉ុន្តែស្រុកមួយចំនួននៅខាងក្នុង មានកំណើនពលករច្រើន ពិសេសនៅមុនរដូវបុណ្យចូលឆ្នាំនេះ៕

website_news/2021170303.txt · Last modified: 2021/03/17 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki