website_news:2021170304

NGO រកឃើញករណីរំលោភសេពសន្ថវៈក្នុងឆ្នាំ ២០២០ មានការកើនឡើងតិចតួច

https://www.postkhmer.com/ គឹម សារុំ | Publication date 16 March 2021 | 16:20 ICT

ភ្នំពេញៈ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកបានអះអាងថា នៅឆ្នាំ ២០២០ អាដហុកបានរកឃើញអំពើរំលោភសេពសន្ថវៈ ១៤៥ ករណី ដែលកើនឡើងតិចតួច បើប្រៀបនឹងឆ្នាំ ២០១៩ ក្នុងនោះជនរងគ្រោះភាគច្រើនគឺជាក្មេងស្រី អាយុក្រោម ១៨ ឆ្នាំ ដែលប្រព្រឹត្តដោយសាច់ញាតិផ្ទាល់ ឬបុគ្គលក្រៅរង្វង់គ្រួសារ ហើយមានជនរងគ្រោះខ្លះត្រូវបានសម្លាប់ផងដែរ។

លោកស្រី ម៉ៅ ម៉ាប់ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកទទួលបន្ទុកស្ត្រី និងកុមារបានឱ្យដឹងពីថ្ងៃទី ១២ មីនាថា អំពើរំលោភសេពសន្ថវៈក្នុងឆ្នាំ ២០២០ គឺអាដហុកបានអង្កេត និងប្រមូលទិន្នន័យបានពីតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាដោយបង្ហាញថា មាន ១៤៥ ករណី ដែលជាចំនួនច្រើនជាងឆ្នាំ ២០១៩ បន្ដិចបន្តួច ក៏ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីតួលេខក្នុងឆ្នាំ ២០១៩ ថា មានចំនួនប៉ុន្មានករណីនោះទេ។ លោកស្រីបន្តថា សមាគមអាដហុកភាគច្រើនធ្វើការផ្តោតលើកុមារីដែលមានអាយុក្រោម ១៨ ឆ្នាំ ហើយបានរកឃើញថាពួកគេត្រូវរងនូវអំពើរំលោភសេពសន្ថវៈពីសំណាក់ជនល្មើសក្នុងនោះមានសាច់ញាតិផ្ទាល់ក្នុងគ្រួសារក្មេងស្រីរងគ្រោះ ឬបុគ្គលនៅក្រៅរង្វង់គ្រួសារពួកគេ (អ្នកដទៃ)។ បើតាមលោកស្រី ម៉ៅ ម៉ាប់ កត្តាសំខាន់ដែលនាំឱ្យមានបទល្មើសនេះគឺមកពីស្ថានភាពសេដ្ឋកិច្ចក្រីក្រក្នុងគ្រួសាររបស់ក្មេងតែម្តង។ ករណីនេះគឺឪពុកម្តាយក្មេងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសហើយទុកកូនតូចៗឱ្យនៅជាមួយជីដូនជីតាដែលមានវ័យចំណាស់ គ្មានកម្លាំងគ្រប់គ្រាន់ក្នុងការមើលថែរក្សាចៅ។ ហេតុនេះក្មេងៗទាំងនេះមិនទទួលបានការការពារខ្លួនពេញលេញទេ។ ម្យ៉ាងទៀតជម្រកកុមារីរងគ្រោះដែលស្នាក់នៅជាមួយជីដូនជីតានោះគឺមានខ្លះជាខ្ទមដែលជាឱកាសល្អសម្រាប់ជនខិលខូចធ្វើបាបលើកុមារី។

លោកស្រីបានបញ្ជាក់ថា៖ «ករណីភាគច្រើនលុះត្រាណាតែក្មេងមានបញ្ហាដូចជា មានរបួសស្នាមឈឺអ៊ីចឹងទៅ ទើបឪពុកម្តាយ ឬសាច់ញាតិបានដឹងថាក្មេងនោះរងគ្រោះ។ ករណីនេះភាគច្រើនកើតនៅតំបន់ដាច់ស្រយាលឆ្ងាយៗជាបញ្ហាមួយដែលយើងមើលឃើញក្នុងពេលបច្ចុប្បន្ន»។ លោក ស្រី ម៉ៅ ម៉ាប់ បន្ថែមថាករណីរំលោភសេពសន្ថវៈនេះគឺកុមារីរងគ្រោះភាគច្រើនកម្រហ៊ានប្រាប់ដល់គ្រួសារ ឬឪពុកម្តាយណាស់។ មូលហេតុដោយសារជនល្មើសតែងតែគំរាមក្មេងរងគ្រោះថា ប្រសិនបើពួកគេហ៊ាននិយាយចេញឱ្យសាច់ញាតិដឹងគឺអាចត្រូវគេសម្លាប់ចោល ១ គ្រួសារ ឬអាចសម្លាប់កុមារីនោះចោល។ អ៊ីចឹងហើយទើបក្មេងរងគ្រោះភ័យខ្លាចការសំឡុតគំរាមនោះ។ យ៉ាងណាក្ដី លោកស្រីថា បញ្ហានេះក៏ព្រោះតែការយល់ដឹងពីច្បាប់របស់ពលរដ្ឋតាមមូលដ្ឋាននៅមានកម្រិតផងដែរ។ ម្យ៉ាងដោយសារពួកគាត់ហាក់មិនសូវមានជំនឿលើប្រព័ន្ធតុលាការ ព្រោះការដោះស្រាយបណ្តឹងតែងប្រើពេលយូរ ទើបពេលខ្លះពួកគាត់សម្រេចចិត្តទទួលយកសំណងរដ្ឋប្បវេណីពីជនល្មើសក្រៅប្រព័ន្ធតុលាការ។

លោកស្រីថា៖ «ភាគច្រើនគ្រួសារក្មេងរងគ្រោះយកសំណងហើយពួកគាត់គិតថា បញ្ចប់រឿងត្រឹមយកសំណងហើយនោះពួកគាត់មិនចូលរួមនៅតុលាការទៀតទេ។ ក្នុងរឿងព្រហ្មទណ្ឌគឺជនរងគ្រោះគាត់មានសិទ្ធិយកសំណងរដ្ឋប្បវេណីតែបណ្តឹងអាជ្ញារបស់ពួកគាត់គឺនៅតែដំណើរការទេ។ នេះហើយជាបញ្ហាធ្វើឱ្យនិទណ្ឌភាពនៅតែកើតមានហើយករណីខ្លះមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការផង»។ ទោះជាយ៉ាងណា ទាក់ទងនឹងដំណើរការនីតិវិធីប្ដឹងវិញឃើញថា រដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងខ្លាំង។ ភាគច្រើនពេលមានបណ្តឹងគឺសមត្ថកិច្ចតែងចាប់ជនល្មើសផ្តន្ទាទោស។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្រី ម៉ៅ ម៉ាប់។ បើតាមលោកស្រី ម៉ៅ ម៉ាប់ ករណីបទល្មើសរំលោភសេពសន្ថវៈកើតច្រើនជាងគេគឺមានដូចជា ខេត្តបាត់ដំបង ខេត្តកំពត និងកំពង់ធំ។ ចំណែកករណីឪពុកម្តាយក្មេងដែលចេញទៅធ្វើការនៅក្រៅប្រទេសវិញក៏ខេត្តទាំង ៣ នេះមានតួលេខច្រើនជាងខេត្តផ្សេងៗផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងពីម្សិលមិញថា ប្រសិនបើពលរដ្ឋដឹងថា មានបទល្មើសរំលោភសេពសន្ថវៈកើតឡើងសូមប្រញាប់ប្ដឹងសមត្ថកិច្ចនគរបាលភ្លាមៗពិសេសគឺអង្គភាពដែលនៅជិតកន្លែងកើតហេតុបំផុត។ លោក ផល្លី បានបញ្ជាក់ថា៖ «យើងមើលឃើញថា កន្លងមកទោះជាមានបទល្មើសអីកើតឡើងក៏ដោយ គឺនៅពេលទទួលបានព័ត៌មានសមត្ថកិច្ចយើងតែងខ្នះខ្នែងធ្វើសកម្មភាពចាត់ចែងភ្លាម។ យើងឆ្លើយតបដើម្បីពលរដ្ឋក្នុងនាមជាកងកម្លាំងយើងត្រូវតែការពារជូនពលរដ្ឋ។ កន្លងទៅក៏ដូចបច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងសកម្មនៅពេលទទួលបានបណ្តឹងគឺយើងមានចំណាត់ការភ្លាមៗ»។

ករណីបទល្មើសរំលោភសេពសន្ថវៈនេះកាលពីដើមខែមីនាឆ្នាំនេះ មានស្ត្រីម្នាក់ ឈ្មោះ ហួន ស្រី អាយុ ២៣ ឆ្នាំ បម្រើការនៅកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវជនល្មើសឈ្មោះ រឿន ធារិន អាយុ ៣៨ ឆ្នាំចាប់រំលោភរួចចាក់សម្លាប់ក្នុងបន្ទប់ជួលរបស់នាង។ ប៉ុន្តែក្រោយមកត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដល់ខេត្តសៀមរាប ហើយត្រូវបានតុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនកាលពីថ្ងៃទី ៦ មីនា ពាក់ព័ន្ធនឹងបទល្មើសមនុស្សឃាតដោយចេតនា៕

website_news/2021170304.txt · Last modified: 2021/03/17 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki