website_news:2021170305

ពលករខ្មែរជាច្រើននាក់បន្តវិលត្រឡប់ទៅកម្ពុជាវិញ ដោយសារនៅថៃអត់ការងារធ្វើ

https://www.rfa.org/khmer/ ដោយ ឡេង ម៉ាលី 2021-03-16

ពលករខ្មែរជាច្រើននាក់ នៅតែនាំគ្នាឆ្លងដែនត្រឡប់ទៅកម្ពុជាវិញ ដោយសារតែនៅក្នុងប្រទេសថៃអត់ការងារធ្វើជាច្រើនខែ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះអាចនឹងក្លាយទៅជាវិបត្តិសង្គមនៅពេលខាងមុខ ដែលអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការជួយដល់ពួកគាត់ជាបន្ទាន់។ ពលករខ្មែរភាគច្រើនឆ្លងដែនចូលទៅកម្ពុជាតាមច្រករបៀងព្រំដែនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ។

ពលករមានស្រុកកំណើតនៅព្រះវិហារ លោក រិន វិសាល ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៥ មីនាថា លោកបានធ្វើដំណើរពីទីក្រុងបាងកក ហើយបានឆ្លងដែនចូលទៅកម្ពុជាតាមច្រកទ្វារព្រំដែនអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី១១ មីនា ដោយចំណាយអស់ថវិកាប្រមាណ២ពាន់បាត ឬស្នើនឹងជាង ៦០ដុល្លារ។ ពលកររូបនេះ បញ្ជាក់ថា ក្នុងថ្ងៃដែលលោកធ្វើដំណើរនោះមានពលករខ្មែរប្រមាណ ២០០នាក់ បានត្រឡប់ទៅកម្ពុជាវិញ ដោយសារនៅប្រទេសថៃអត់ការងារធ្វើ៖ «គឺគេឱ្យយើងចូលប៉ូលិសថៃ ហើយគេបញ្ជូនទៅប៉ូលិសខ្មែរ ហើយគេបញ្ជូនខ្ញុំមកខ្មែរបណ្ដោយ និយាយទៅល្អងាយស្រួល។ខ្ញុំត្រឡប់មកវិញនេះ គឺស្រុកថៃអស់ការងារធ្វើ ហើយធ្វើប៉ាសស្ព័រវាថ្លៃពេក ធ្វើលិខិតឆ្លងដែនគេគិតលុយរហូតវាអត់សល់លុយ បើនៅខ្មែរបានបងប្អូនផ្ញើអង្ករមកឱ្យយើងចេះតែនៅរស់បាន ខ្ញុំនិយាយការពិត»។

ស្រដៀងគ្នានេះដែរពលករមានស្រុកកំណើតនៅខេត្តកំពង់ចាម លោក ហន ណារុង ថ្លែងថា លោកបានឆ្លងដែនចូលមកដល់កម្ពុជានៅរសៀលថ្ងៃទី៧ មីនា បន្ទាប់ពីធ្វើការងារនៅប្រទេសថៃជាង ២ឆ្នាំ។ ពលករវ័យ ៣០ឆ្នាំរូបនេះថា លោកកំពុងធ្វើចត្តាឡឺស័កនៅក្នុងខេត្តព្រះវិហារ ហើយលោកនឹងចេញទៅស្រុកកំណើតនៅសប្ដាហ៍ក្រោយ។ ពលកររូបនេះនិយាយថា លោកមិនត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញទេ ដោយចង់រកការងារធ្វើនៅក្នុងស្រុក ដើម្បីបានរស់នៅជួបជុំគ្រួសារ៖ «ខ្ញុំធ្វើការនៅថៃយូរហើយដល់ពេលខ្ញុំដល់ពេលត្រូវត្រឡប់មកផ្ទះវិញ ខ្ញុំដាច់វីសា។ ខ្ញុំចង់មករករបរខ្លួនឯងនៅផ្ទះវិញ និយាយនឹកប្រពន្ធកូន ណាមួយចង់មកនៅផ្ទះបណ្ដោយណាមួយក៏ពិបាករឿងកូវីដ ហើយគេតម្រូវឱ្យខ្ញុំបន្តសុពលភាពទិដ្ឋាការដល់ពេលអីចឹងខ្ញុំត្រូវនៅរយៈពេល ២ឆ្នាំទៀត។ អីចឹងខ្ញុំនឹកផ្ទះដែរ បើថាអត់មានកូវីដ១៩ ខ្ញុំអត់ទាន់មកទេ ដល់ពេលមានជំងឺកូវីដអីចឹងទៅខ្ញុំសុំគេមកផ្ទះបណ្ដោយ»។

ទាក់ទិននឹងការវិលត្រឡប់របស់ក្រុមពលករនេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់អាស៊ីសេរីថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរប្រមាណ២០០នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៥មីនា។ លោកបញ្ជាក់ថា ពលករមួយចំនួនត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងពេលដែលពួកគេធ្វើដំណើរត្រឡប់មកកម្ពុជា ដោយសារនៅប្រទេសថៃអត់ការងារធ្វើ៖ «គេចាប់បញ្ជូនមក ទាហានថៃគេដឹកមកទម្លាក់បាទ គេចាប់តាមផ្លូវមក គឹដឹកមកទម្លាក់តាមច្រករបៀងមករួចហើយគាត់ដើរមក។ ខ្លះទៅគាត់មកខ្លួនឯង ខ្លះទៅគាត់ថានៅឯណោះអត់មានការងារធ្វើ គេបិទរោងចក្របិទអី៏អីចឹងទៅគាត់អត់មានអីធ្វើ ដល់នៅទីនោះគាត់ដើរអត់កើតផង ដោយសារខ្លាចឆ្លងកូវីដទៅគាត់សម្រេចចិត្តត្រឡប់មកខ្មែរវិញ»។

ទោះជាយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុលផ្នែកពលករ លោក ឌី ថេហូយ៉ា យល់ថា រឿងនេះអាចនឹងក្លាយទៅជាបញ្ហាសង្គមនៅពេលខាងមុខ ដោយសារតែពួកគេអត់ការងារធ្វើ ហើយគ្មានប្រាក់សងធនាគារ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែបញ្ជូនមន្ត្រីជំនាញចុះបង្រៀនដល់ក្រុមពលករទាំងនោះឱ្យចេះដាំដុះ និងជួយរកទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យ ដើម្បីពួកគាត់បានប្រាក់ដោះស្រាយជីវភាពគ្រួសារ៖ «បើយើងមើលអំពីស្ថានភាពសព្វថ្ងៃនេះរោងចក្រផ្សេងៗ អីគេអាចបញ្ឈប់ គេអាចបិទ ក៏ប៉ុន្តែអាពាក់ព័ន្ធដំណើរផលិតការហូបចុកនេះ ខ្ញុំគិតថា វាអត់សូវជាប៉ះពាល់ទេ បើសិនជាយើងជំរុញផ្នែកដាំដុះផ្នែកអីហ្នឹងអាចជួយគាត់បានច្រើន។ អាហ្នឹងវាអាស្រ័យទៅលើរដ្ឋាភិបាលថាតើរៀបចំគោលនយោបាយបែបម៉េច ពាក់ព័ន្ធហ្នឹងកសិកម្មដើម្បីឱ្យគាត់បានដាំដុះចិញ្ចឹមជីវភាពក៏ដូចជាលក់ដូរចិញ្ចឹមជីវភាពរបស់គាត់ហ្នឹង»។

ចាប់តាំងពីចុងឆ្នាំ២០២០ រហូតមកដល់ពេលនេះមានពលករខ្មែរជាង៤ម៉ឺននាក់(៤០.០០០)ហើយ ដែលបានត្រឡប់មកកម្ពុជាវិញ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍នៅប្រទេសថៃជាលើកទី២។របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់និងមិនស្របច្បាប់ប្រមាណ ១លាន ៨សែននាក់ (១.៨០០.០០០) ធ្វើការនៅប្រទេសថៃ៕

website_news/2021170305.txt · Last modified: 2021/03/17 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki