website_news:2021170506

បញ្ជូនខ្លួនជនសង្ស័យ ០៥នាក់ ទៅសាលាដំបូងខេត្ត ពីបទនាំផ្លូវ ដឹកជញ្ជូនពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.gntimes.com/ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ បានបញ្ជូនជនសង្ស័យ ០៥នាក់ ក្នុងនោះ ០២នាក់ ឃាត់ខ្លួននៅស្រុកអូរជ្រៅ និង ០៣នាក់ ទៀតឃាត់នៅស្រុកស្វាយចេក បញ្ជូនទៅសាលាដំបូងខេត្ត ។ ក្នុងចំណោមជនសង្ស័យទាំង ៥នាក់ នោះ ០២នាក់ ពីបទដឹកជញ្ជូននិងនាំជនជាតិថៃចំនួន ០៥នាក់ ស្រី ០១នាក់ ឆ្លងពីថៃគេចសមត្ថកិច្ចខ្មែរ នៅតាមបន្ទាត់ព្រំដែនទៅប៉ោយប៉ែត ដើម្បីបញ្ចៀសការធ្វើចត្តាឡីស័កនិង ០៣នាក់ទៀត ពីបទដឹកជញ្ជូនពលករខ្មែរចំនួន ០៦នាក់ ស្រី ០២នាក់ ដោយម៉ូតូចំនួន ០៣គ្រឿង ទៅថៃដោយខុសច្បាប់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យបណ្តាញ GNtimes ឲ្យដឹងថា៖ ជនសង្ស័យ ០២នាក់ ទី១-ឈ្មោះ ថូវ ឈឿង ហៅ តាឃ្វាលគោ ភេទប្រុសអាយុ ៦២ឆ្នាំ ពាក់ព័ន្ធនាំជនជាតិថៃចូលមកខ្មែរ និងទី២-ឈ្មោះ សោភ័ណ សតវត្ស ភេទប្រុស អាយុ ២១ឆ្នាំ បើកបររថយន្ត ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 បានទទួលដឹកជនជាតិថៃចំនួន ០៥នាក់ ពីឈ្មោះ ថូវ ឈឿង ទៅប៉ោយប៉ែត ដោយក្នុងម្នាក់ តម្លៃ ១,០០០បាត ។ ទាំងជនជាតិថៃ និងអ្នកនាំផ្លូវ រួមទាំងអ្នកដឹកជញ្ជូន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៩១១ ប្រចាំការគោលដៅសិលាខ្មែរ ក្នុង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឃាត់ខ្លួនតាំងពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ ។

លោកស្នងការនគរបាលខេត្ត ក៏បានប្រាប់បន្តថា៖ ជនជាតិថៃទាំងនោះ ក្រោយពីឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចថៃវិញ ។ រីឯជនសង្ស័យទាំង ០២នាក់ ឈ្មោះ ថូវ ឈឿង និងឈ្មោះ សោភ័ណ សតវត្ស ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ក (ពុំមានមេរោគកូវីដ -១៩) នៅថ្ងៃទី ១១ ខែឧសភា ម្សិលមិញ ជនទាំង ០២នាក់ ត្រូវបញ្ជូនទៅការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាត់ចែងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។ លោក ក៏បានបន្តឲ្យដឹងទៀតថា ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១១ ខែ ឧសភា នេះ វេលាម៉ោងជាង ១១ព្រឹក កម្លាំងនគរបាល ស្រុកស្វាយចេក ឈរជើងនៅមុខក្លោងទ្វារចូលវត្តតេជោភ្នំឆ័ត្រ បានសហការជាមួយកម្លាំងយោធាព្រំដែនគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ម៉ូតូចំនួន ០៣គ្រឿង បានដឹកជញ្ជូនពលករខ្មែរចំនួន ០៦នាក់ (ស្រី០២នាក់) ដើម្បីឆ្លងដែនទៅប្រទេសថៃ ។

ជនសង្ស័យទាំង ០៣ នាក់ មានឈ្មោះ ១-រ៉ន ហ៊ីង ភេទប្រុស អាយុ ២៩ឆ្នាំ , ២- ឈ្មោះ សុខ អេង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ , ៣-ឈ្មោះ មាស ង៉ែត ភេទប្រុសអាយុ ៣៦ឆ្នាំ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយគ្នានោះដែរសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៣គ្រឿង ដែលដឹកជញ្ជូនពលករផងដែរ ។ ក្រោយពីសួរចម្លើយជនសង្ស័យទាំង ០៣នាក់ បានសារភាពថា៖ ពួកគេធ្លាប់ដឹកពលករខ្មែរចំនួន ០៧លើក រួចមកហើយ មានពលករសរុប ១៤នាក់ (ស្រី ០៣នាក់) ពីភូមិសាស្ត្រភូមិអូរបីជាន់ ស្រុកអូរជ្រៅ មកចំណុចឃាត់ខ្លួន ក្នុងចំការស្វាយចន្ទី ក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេកនេះ ដោយយកតម្លៃ ០១នាក់ ចំនួន ៥០,០០០រៀល ។ ក្នុងនោះ១-ឈ្មោះ រ៉ន ហ៊ីងបានសារភាពថា គេធ្លាប់ដឹកពលករខ្មែរទៅថៃចំនួន ០២លើករួចមកហើយ សរុប ០៤នាក់ និងទី២-ឈ្មោះ សុខ អេង បានសារភាពថា គេធ្លាប់ដឹកពលករខ្មែរទៅថៃចំនួន ០២លើក រួចមកហើយដែរ សរុប ០៤នាក់ ស្រី ០២នាក់ និងទី៣-ឈ្មោះ មាស ង៉ែត ក៏បានសារភាពថា គេធ្លាប់ដឹកពលករខ្មែរទៅថៃចំនួន ០៣លើក រួចមកហើយសរុប ០៦នាក់ (ស្រី០១នាក់) ។

ក្រោយពីសួរចម្លើយរួច នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនខ្លួនជនសង្ស័យ ០៥នាក់ ទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

website_news/2021170506.txt · Last modified: 2021/05/17 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki