website_news:2021170508

ទទួលពលករខ្មែរ១៩នាក់ពីសមត្ថកិច្ចថៃ ដែលឆ្លងដែនខុសច្បាប់និងរកឃើញមេខ្យល់២នាក់

http://khmeread.com/ May 13, 2021 12:54PM

បាត់ដំបង ៖ កងកម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន សហការជាមួយសមត្ថកិច្ចថៃបាននាំខ្លួនពលករប្រុស-ស្រី ដែលនាំគ្នាឆ្លងដែនចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់សរុប១៩នាក់ ចាប់ពីវេលាម៉ោង៥ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២១២១ នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវ ដោយកងអនុសេនាតូចលេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈនៅប្រទេសថៃកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩។ បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវរកឃើញមេខ្យល់២នាក់។

សមត្ថកិច្ចនិយាយថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ខាងលើនេះមាន១៩នាក់ ក្នុងចំណោមនោះមានស្ត្រីម្នាក់។ អ្នកទាំងអស់គ្នាមកពីខេត្តត្បូងឃ្មុំ៦នាក់, ខេត្តព្រៃវែង ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំង៦នាក់។ សមត្ថកិច្ចបានរកឃើញមនុស្សជាមេខ្យល់ ក្នុងការនាំឆ្លងដែនដោយខុសច្បាប់២នាក់រួមមាន ១-ឈ្មោះ ផូ ផាត ហៅតៃ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និង២-ឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរកម្មកររស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយពេលសាកសួរ និងអនុវត្តតាមបទបញ្ជារបស់ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ប៉ូលិសស្រុកភ្នំព្រឹក បានរៀបចំកសាងសំណុំរឿងបញ្ជូនអនុវត្តតាមផ្លូវច្បាប់, ឯពលករ១៧នាក់ បាននាំយកទៅកាន់មណ្ឌលចត្តាឡីស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕

website_news/2021170508.txt · Last modified: 2021/05/17 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki