website_news:2021170601

បុរស ២ នាក់ ត្រូវចោទក្រោមច្បាប់ជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ

https://www.postkhmer.com/ គឹម សារុំ | Publication date 15 June 2021 | 14:15 ICT

បន្ទាយមានជ័យៈ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១៤ ខែមិថុនា បានសម្រេចចោទបុរស២នាក់ ជាមេខ្យល់ដែលបម្រុងនាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃ ក្រោមច្បាប់ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ជនសង្ស័យទាំង ២ នាក់ឈ្មោះ ម៉ាន គន្ធា ហៅ សុធា ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នគរបាលបានចាប់ខ្លួនពួកគេពីកន្លែងផ្សេងគ្នាកាលពីថ្ងៃទី ១២ ខែមិថុនា ដោយជនសង្ស័យទាំង ២ នាក់បម្រុងនាំមនុស្ស ២៥ នាក់ចេញទៅកាន់ប្រទេសថៃ តាមបណ្ដោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។

ព្រះរាជអាជ្ញារង លោក សំរិទ្ធ សុខុន និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ១៤ មិថុនាថា៖ «ជនទាំង ២ នាក់ត្រូវបានតំណាងអយ្យការចោទបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតាមមាត្រា១១ នៃច្បាប់ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។ ពាក់ព័ន្ធបទចោទតាមមាត្រា ១១ នៃច្បាប់ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ ជនសង្ស័យប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ បើរកឃើញថា មានទោសតាមបទចោទ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់នៅរសៀលថ្ងៃទី ១៤ មិថុនាថា ជនត្រូវចោទទាំង ២ នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្នុង ២ គោលដៅផ្សេងគ្នា។ ជនឈ្មោះ សេង ហ៊ុយ ភេទប្រុសត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួននៅវេលាម៉ោងជាង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ១២ មិថុនាចំណុចភូមិតេជោភ្នំឆ័ត្រឃុំ-ស្រុកស្វាយចេក ជាមួយរថយន្ត ១ គ្រឿងម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3897 និងទប់ស្កាត់បានបុរសជាពលករចំនួន ១០ នាក់ដែលមេខ្យល់បម្រុងនាំឆ្លងដែន។ ពួកគេរស់នៅខេត្តព្រៃវែង។ ចំណែកបុរសជាមេខ្យល់ម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ ពេលកំពុងបើករថយន្ត ១ គ្រឿងម៉ាកសាំយ៉ុងដឹកមនុស្សប្រុស ស្រី ចំនួន ១៥ នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចស្ពានទី ១ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោងជាង ៥ ល្ងាចថ្ងៃទី ១២ ខែមិថុនា។

លោក គក់ សុភ័ក្តិ អធិការរងទទួលផែនការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកដែលប្រចាំការនៅប៉ុស្តិ៍របស់គណៈកម្មការទប់ស្កាត់ពលករ ដែលមានទីតាំងសាលាឃុំស្វាយចេកជិតព្រំដែនកម្ពុជា-ថៃ បានប្រាប់នៅថ្ងៃទី ១៤ មិថុនាដែរថា ក្នុងភូមិសាស្ត្រឃុំស្វាយចេកនៅថ្ងៃទី ១១ មិថុនា សមត្ថកិច្ចទប់ស្កាត់ពលករបានចំនួន ៤៥ នាក់ក្នុងនោះមានស្រី ៣២ នាក់តែមេខ្យល់គេចខ្លួន។ ចំណែកថ្ងៃទី ១២ មិថុនាទប់ស្កាត់ពលករ ប្រុសបាន ១០ នាក់ និងឃាត់មេខ្យល់បានម្នាក់។ សរុបគឺសមត្ថកិច្ចចម្រុះធ្វើការទប់ស្កាត់ពលករប្រុសស្រីបានចំនួន ៥៥ នាក់ក្នុងនោះមានស្រី ២៣ នាក់។ លោកបញ្ជាក់ថា៖ «ក្រោយសមត្ថកិច្ចទប់ស្កាត់បានពលករហើយគឺត្រូវបញ្ជូនពួកគេទៅមណ្ឌលសំចតអូរបីជាន់ ព្រោះកន្លែងនោះជាកន្លែងបែងចែកពលករបើគាត់រស់នៅខេត្តណាគេឱ្យគាត់ទៅធ្វើចត្តាឡីស័កនៅខេត្តនោះវិញ»៕

website_news/2021170601.txt · Last modified: 2021/06/17 11:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki