website_news:2021170604

កម្ពុជា ស្នើសិង្ហបុរី បង្កើតកិច្ចព្រមព្រៀងសម្រាប់បញ្ជូនពលករខ្មែរទៅធ្វើការនៅសិង្ហបុរីបន្ថែមទៀត

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១៥ មិថុនា ២០២១ដោយ Sorn Phanith

ប្រទេសកម្ពុជាបានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឱ្យមានការបញ្ជូនពលករខ្មែរទូទៅបន្ថែមទៅធ្វើការនៅសិង្ហបុរីបន្ថែមទៀត។ ការស្នើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ស្រី Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។

លោកបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ថាបច្ចុប្បន្ននេះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរីនៅឡើយទេ ដែលនាំឱ្យមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី។ លោក រដ្ឋមន្ត្រី បានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែមក្រៅពីពលការិនីធ្វើការជាស្ត្រីជំនួយការមេផ្ទះ។ ជាមួយគ្នានេះដែរលោក រដ្ឋ មន្ត្រី បានស្នើបន្តការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ កន្លងទៅដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ទាក់ទិននឹងសំណើទាំងនេះ លោក ស្រី ឯក អគ្គរដ្ឋទូត រីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀ។ លោកស្រី ឯក អគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតល្មួតបន្ថែមទៀត។

លោកបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោក រដ្ឋមន្ត្រីបានលើកឡើងថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោលនិងសិក្ខាកាមកម្ពុជាពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លើសពីនេះ សិង្ហបុរីក៏បានជួយផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស៕ អត្ថបទ៖ សំអឿន

website_news/2021170604.txt · Last modified: 2021/06/17 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki