website_news:2021170606

បណ្តាញកុមារ និងយុវជនស្នើទៅក្រសួង និងស្ថាប័ន ៥ ឱ្យជួយដល់កុមារចំណាកស្រុក

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 15 June 2021 | 09:01 ICT

ភ្នំពេញៈ បណ្តាញកុមារ និងយុវជនបានចេញសេចក្តីថ្លែងការណ៍រួមមួយ ហើយបានដាក់ស្នើទៅក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៥ សូមឱ្យជួយរកដំណោះស្រាយដល់កុមារដែលធ្វើចំណាកស្រុកតាមឪពុកម្តាយរបស់ពួកគេ ដើម្បីឱ្យពួកគេទទួលបានការសិក្សាដូចកុមារផ្សេងទៀតដែរ។ បណ្តាញកុមារ និងយុវជនទាំងនេះរួមមានបណ្តាញកុមារអ្នកតស៊ូមតិ (CAN) ក្រុមតំណាងយុវវ័យ និងយុវជន (AYRG) និងសមាគមចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមារ(CCYM-CR)ដោយទទួលបានការគាំទ្រពីបណ្ដាអង្គការនានា ធ្វើការងារផ្នែកកុមារមួយចំនួនទៀត។

យុវតី ហួ បុប្ផា ប្រធានក្រុមគាំទ្រកុមារ និងយុវជននៃបណ្តាញដែលដឹកនាំដោយកុមារ និងយុវជននេះបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១៣ ខែមិថុនាថា សេចក្ដីថ្លែងការណ៍រួមនេះបានដាក់ទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ៥ កាលពីថ្ងៃទី ១១ ខែមិថុនា ក្នុងនោះរួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ។ បុប្ផា បានឱ្យដឹងថា៖ «ពួកយើងរំពឹងថា នឹងទទួលបានការឆ្លើយតបជាវិជ្ជមាន ពីរាជរដ្ឋាភិបាលក៏ដូចជាបណ្ដាក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដោយសារតែក្នុងសេចក្ដីថ្លែងការណ៍នេះកុមារ និងយុវជនបានលើកឡើងពីបញ្ហា និងផលលំបាករបស់ពួកគេនៅទីនេះ»។ តំណាងបណ្ដាញកុមារ និងយុវជនរូបនេះបញ្ជាក់ថា តាមរយៈសេចក្ដីថ្លែងការណ៍រួមនេះបានផ្ដោតសំខាន់លើការសិក្សា អប់រំរបស់កុមារ និងយុវជនដែលធ្វើចំណាកស្រុកតាមឪពុកម្ដាយ។ យុវតីរូបនេះបន្ដថា៖ «បើសិនជាគ្មានការឆ្លើយតបពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធលើសេចក្ដីថ្លែងការណ៍រួមនេះ យើងនឹងធ្វើសេចក្ដីថ្លែងការណ៍រួម ១ ទៀត ដែលមានបញ្ចូលការថ្លែងការណ៍រួមពីកុមារដែលកំពុងធ្វើចំណាកស្រុកនៅប្រទេសថៃនាពេលខាងមុខបន្ថែមទៀត»។

សេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា កាលពីថ្ងៃទី ២០ និង ២១ ខែមីនា ឆ្នាំ ២០២១ បណ្តាញដែលដឹកនាំដោយកុមារ និងយុវជនរួមទាំងកុមារតំណាងអង្គការបន្ទាយស្រី ខេត្តសៀមរាប និងខេត្តបាត់ដំបងបានធ្វើការរួមគ្នាបង្កើតបានជាវេទិកាកុមារ និងយុវជនថ្នាក់ក្រោមជាតិនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាបស្តីពីការចំណាកស្រុករបស់កុមារតាមឪពុកម្តាយ និងផលប៉ះពាល់ពីការធ្វើចំណាកស្រុកមកលើកុមារ។ វេទិកានេះបានពិភាក្សា ស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈមតម្រូវការចាំបាច់ដំណោះស្រាយ និងអនុសាសន៍សម្រាប់ដោះស្រាយបញ្ហាដែលរងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងកុមារចំណាកស្រុក បាននិងកំពុងជួបប្រទះក្នុងស្ថានភាពដ៏លំបាកនៃអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ដោយផ្អែកលើការពិភាក្សាក្នុងវេទិកាយើងបានរកឃើញថា កុមារមួយចំនួនបានជួបប្រទះនូវបញ្ហាជាច្រើនទាក់ទងទៅនឹងការទទួលបានការអប់រំ បរិបទនៃការរស់នៅ និងការទទួលបានសេវាសាធារណៈជាដើម»។

កុមារ និងយុវជនបានបង្ហាញពីកង្វល់ថា បញ្ហាប្រឈមទាំងនោះបានជះឥទិ្ធទៅលើសិទិ្ធទទួលបានការអប់រំស្នើគ្នា និងសិទ្ធិទទួលបានការអភិវឌ្ឍចំណេះដឹង និងការអភិវឌ្ឍអាកប្បកិរិយារបស់កុមាររួមជាមួយការគោរពខ្លួនឯង សីលធម៌ ការយល់ដឹងពីសង្គម ការចូលរួមសកម្មភាពនានា និងការរស់នៅប្រចាំថ្ងៃ។ ក្រៅពីនេះកុមារទាំងអស់បានបង្ហាញនូវបំណងប្រាថ្នា ដើម្បីបានបញ្ចេញនូវសំឡេងរបស់ពួកគេទៅកាន់អ្នកពាក់ព័ន្ធ និងរាជរដ្ឋាភិបាលឱ្យមានការយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តច្បាប់ ជាពិសេសគោលនយោបាយគាំពារសង្គមជួយដល់កុមារ និងយុវជនដែលរងផលប៉ះពាល់ពីការធ្វើចំណាកស្រុកក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។ បណ្តាញទាំងនេះបានស្នើសុំដល់ក្រសួងពាក់ព័ន្ធនានាសូមឱ្យកែលម្អប្រព័ន្ធអប់រំសម្រាប់កុមារ និងយុវជនដោយសម្រួលដល់ការចុះឈ្មោះការផ្ទេរពីតំបន់ ១ ទៅតំបន់ ១ ទៀត និងការបង្កើតឱ្យមានកម្មវិធីអប់រំក្រៅប្រព័ន្ធ ដូចជាការអប់រំភាសា ខ្មែរ ថៃ និងការអប់រំចំណេះដឹងទូទៅនៅតាមសហគមន៍ដែលមានការចំណាកស្រុកជាពិសេសគឺនៅតំបន់ព្រំដែន កម្ពុជា-ថៃ។

ចំណែកក្រសួងអប់រំ គួរធានាយ៉ាងណា ឱ្យសាលារៀនទាំងអស់ផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពយ៉ាងសុក្រឹតអំពីនីតិវិធី និងលក្ខខណ្ឌសម្រាប់ចុះឈ្មោះសិស្ស (សំបុត្រកំណើត លិខិតបញ្ជាក់ពីការផ្ទេរ សាលារៀន និងឯកសារពាក់ព័ន្ធផ្សេងទៀត) ដល់គ្រួសារចំណាកស្រុក។ ក្រសួងអប់រំ គួរបន្តប្រើប្រាស់គោលវិធីដែលមានភាពបត់បែន និងបន្តជួយសម្រួលជាពិសេសដើម្បីឱ្យសាលារៀនអាចចុះឈ្មោះកុមារចំណាកស្រុកបាន។ បើតាមសេចក្ដីថ្លែងការណ៍។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំថ្លែងនៅថ្ងៃទី ១៣ មិថុនាថា ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំ សម្រាប់អ្នកសិក្សាមុន និងក្នុងបរិបទកូវីដ ១៩ ដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងសិស្ស-និស្សិត មាតាបិតា និងអាជ្ញាធរមូលដ្ឋាន។ លោកថ្លែងថា៖ «នៅចំពោះមុខនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងដើរតួនាទីជាធ្លុង ១ ក្នុងការចូលរួមបន្តជំរុញគុណភាពបង្រៀន និងរៀនពីចម្ងាយ និងអនឡាញ និងលើកកម្ពស់យន្តការលើកទឹកចិត្តអ្នកសិក្សាឱ្យបន្តការសិក្សាស្របនឹងគន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។

លោកស្រី ញេប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍នេះ ហើយបាននិងកំពុងពិនិត្យ ដើម្បីឆ្លើយតប ឬបន្តគាំទ្រតាមរបៀបណាខ្លះ។ លោកស្រីថ្លែងថា៖ «រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមានគោលនយោបាយគ្រប់គ្រាន់ក្នុងការអនុវត្ដកិច្ចគាំពារកុមារចំណាកស្រុក ទាំងការចំណាកស្រុកឆ្លងប្រទេស និងមិនឆ្លងប្រទេស។ សេចក្ដីថ្លែងការណ៍ខ្លះវាជាចំណែកមួយដែលយើងតែងតែចូលរួម និងលើកទឹកចិត្ដជានិច្ច។ យើងមិនអាចបដិសេធបានទេ បើវាសមស្រប ប៉ុន្ដែសេចក្ដីថ្លែងការណ៍ខ្លះដាក់មកបង្ហាញថាយើងអត់បានធ្វើអ្វីសោះ ដូច្នេះខ្ញុំសូមពិនិត្យមើលការងារនេះសិន»៕

website_news/2021170606.txt · Last modified: 2021/06/17 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki