website_news:2021170610

ពលករចំណាកស្រុកជាង ៨0.000 នាក់បានឆ្លងកាត់ព្រំដែនកម្ពុជាក្នុងរយៈពេល ៦ ខែនេះ

https://www.khmertimeskh.com/ Chhun Sunly / June 16, 2021

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន ប្រទេសថៃកាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំមុនមកពលករចំណាកស្រុក ដែលបានវិលត្រឡប់មកកម្ពុជាវិញរហូតដល់ពាក់កណ្តាលខែមិថុនាឆ្នាំនេះមាន ចំនួនសរុប ៨០.៨៥៣ នាក់។ ខេត្តដែលប្រឈមនឹងចំនួនពលករចំណាកស្រុកដែលឆ្លងកាត់ព្រំដែនកម្ពុជា-ថៃច្រើនជាងគេរួមមានខេត្តបាត់ដំបង ឧត្តរមានជ័យ និងកោះកុង។

យោងតាមការិយាល័យរដ្ឋបាលខេត្តមួយចំនួនបានឲ្យដឹងថា ពួកគេជិតទទួលបានជោគជ័យក្នុងការគ្រប់គ្រងពលករចំណាកស្រុក ដែលវិលត្រលប់ទាំងអស់ហើយ ដោយពួកគេបានបញ្ជូនពលករទាំងនោះទៅមណ្ឌល និងដាក់ឲ្យស្ថិតក្រោមការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាដាច់ខាត និងអនុញ្ញាត្តឲ្យពួកគេត្រឡប់ទៅផ្ទះវិញក្រោយការធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន។ បើទោះបីមានការរឹតបន្តឹងផ្នែកសន្តិសុខនៅតាមច្រកព្រំដែនក៏ដោយ ក៏មានកម្មករចំនួន ២៤ នាក់បានចូលមកកម្ពុជាតាមរយៈខេត្តប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ដោយឡែកពលករចំនួន ១៤៨ នាក់ទៀតដែលបានចូលមកតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមានចំនួន ៣២ នាក់វិជ្ជមានកូវីដ-១៩ និងមានជាប់ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ អ្នកទាំងអស់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាព។

លោក សេក សំអុល នាយករងរដ្ឋបាល សាលាខេត្តកោះកុងបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាពួកគេបានគ្រប់គ្រងពលករចំណាកស្រុកចំនួន ៧៤៦ នាក់ដោយក្នុងនោះមានចំនួន ២១៤ នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញក្នុងអំឡុងពេលនោះ។ លោកបានឲ្យដឹងថាក្នុងចំណោមពលករចំណាកស្រុកដែលបានវិលត្រឡប់វិញ មានតែម្នាក់ប៉ុណ្ណោះដែលវិជ្ជមានកូវីដ-១៩។ លោកបន្តថា៖ «បច្ចុប្បន្ន យើងមានពលករចំណាកស្រុកចំនួន ៥២ នាក់ក្នុងនោះមានស្ត្រី ២០ នាក់ដែលកំពុងស្ថិតនៅមណ្ឌលចត្តាឡីស័ក។ មកទល់ពេលនេះ យើងមិនទាន់រាយការណ៍នូវករណីស្លាប់ណាមួយនៅឡើយទេ»។

ទន្ទឹមនឹងនេះលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បាននិយាយថាពួកគេបានគ្រប់គ្រងលើពលករ ចំណាកស្រុកចំនួន ៧៨.១៣៤ នាក់ដោយក្នុងនោះមានស្ត្រីចំនួន ៣.៥៦១ នាក់។ លោកបន្តថា៖ «ក្នុងចំណោមនោះមានពលករចំនួន ១៣៣ នាក់វិជ្ជមានកូវីដ-១៩ និងមានអ្នកជំងឺចំនួន ៤៦ នាក់បានជាសះស្បើយ»។ លោកបន្ថែមថា ពួកគេនៅតែបន្តអនុវត្តយ៉ាងតឹងរឹងនូវការត្រួតពិនិត្យតាមព្រំដែន ដើម្បីធ្វើឲ្យប្រាកដថាអ្នកដែលបានចូលមកកម្ពុជាត្រូវបានត្រួតពិនិត្យ ធ្វើចត្តាឡីស័ក និងប្រកាន់ខ្ជាប់នូវវិធានការណ៍ការពារកូវីដ-១៩។

website_news/2021170610.txt · Last modified: 2021/06/17 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki