website_news:2021170801

ពលករខ្មែរជិត៤០០នាក់ វិលត្រឡប់មកពីថៃចូលស្រុកកំណើតវិញ ក្នុងខេត្តបាត់ដំបង ក្រោយ រដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ព្រំដែន

http://freshnewsasia.com/ 2021-08-13 04:54pm

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទទួលពលករមកពីប្រទេសថៃជិត ៤០០នាក់ នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ អូរអន្លក់ នៃស្រុកកំរៀង និងច្រករបៀង តាមបណ្ដោយព្រំដែន ដែលពួកគាត់ទើបត្រឡប់មកពីថៃចូលស្រុកកំណើតវិញ។ ការសម្រុកចូលស្រុកកំណើតវិញនេះ ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ការបិទព្រំដែន កម្ពុជា-ថៃ ដែលបានអនុវត្តរយៈពេល២សប្តាហ៍មកហើយនោះ។ លោក ងួន រតន: បញ្ជាក់ថា សម្រាប់ពលករដែលជាប់គាំងនោះ បានវិលត្រឡប់មកវិញមានចំនួន៣៩៩នាក់ ក្នុងនោះមកពីច្រកទ្វារតំបន់ព្រំដែន សួន ស៊ុ (អូរអន្លក់) នៃស្រុកកំរៀងចំនួន២៨៧នាក់ និងមួយច្រកទៀតមកពីតំបន់ ច្រករបៀងក្នុងស្រុកសំពៅលូន ចំនួន១១២នាក់។

លោកថា សម្រាប់ពលករទាំងអស់ ដែលអនុញ្ញាតចូលមកស្រុកកំណើតវិញ ត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាកតេស្ដរហ័ស ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់គាត់ព្យាបាលនៅតាមណ្ឌលព្យាបាល តាមព្រំដែន ដែលអជ្ញាធរបានរៀបចំ។ ចំណែកអ្នកលទ្ធផលអវិជ្ជមាន នឹងដឹកជញ្ជូនពួកគាត់ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក នៅតាមបណ្ដោយព្រំដែនចំនួន១៤ថ្ងៃទៀត មុននឹងធ្វើការដឹកជញ្ជូនពួកគាត់ទៅបណ្ដាស្រុកកំណើត រៀងៗខ្លួន។ លោកអភិបាលខេត្តបានថ្លែងទៀតថា ក្នុងដំណើរការបើកព្រំដែនឡើងវិញនេះ កងកម្លាំងយោធពលខេមរភូមិន្ទបានយករថយន្តដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃទៅព្យាបាលជំងឺ(ករណីវិជ្ជមាន)និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កផងដែរ៕

website_news/2021170801.txt · Last modified: 2021/08/17 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki