website_news:2021170803

អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានរៀបចំលើកបដាផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.facebook.com/CentralCambodiaOrg/ ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-CENTRAL) សហការជាមួយ មេឃុំ សំរោងយា និងអាជ្ញាធរមូលដ្ឋាន បានរៀបចំលើកបដាផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព នៅតាមសាលាឃុំ ដែលស្ថិតនៅក្នុងឃុំសំរោងយា នៃស្រុកពួក ខេត្តសៀមរាប។ ដោយស្ថានភាពកូវីដ-១៩បានកំពុងរីករាលដាលទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ ដែលជាហេតុធ្វើអោយប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជាប្រឈមនឹងបញ្ហាផ្សេងៗរួមមានការចាញ់បោកខ្យល់ ការឆ្លងដែនដោយប្រថុយប្រថាននឹងគ្រោះថ្នាក់ និងប្រឈមពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ។ អង្គការសង់ត្រាល់ចូលរួមផ្សព្វផ្សាយលើកបដា ក្នុងគោលបំណងខាងក្រោម៖

១. លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ជៀសវាងចាញ់បោកមេខ្យល់ដែលជាកម្មវត្ថុក្នុងការជួញដូរមនុស្សនិងការរំលោភបំពានសិទ្ធិការងារគ្រប់រូបភាព។

២.កាត់បន្ថយការធ្វើចំណាកស្រុកដោយគ្មានឯកសារជាហេតុប្រឈមគ្រោះថ្នាក់នៃអំពើជួញដូរមនុស្សនិងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗ។

៣.លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងពង្រឹងពង្រីកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សគ្រប់ប្រភេទ។

អង្គការសង់ត្រាល់នឹងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានតាមបណ្តាឃុំស្រុកខេត្តដទៃទៀត ដើម្បីផ្សព្វផ្សាយអប់រំពីសិទ្ធិការងារ ការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសិទ្ធិផ្សេងៗដែលពលរដ្ឋកម្ពុជាគួរយល់ដឹង។

website_news/2021170803.txt · Last modified: 2021/08/17 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki